ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ រ៉ូយ៉ាល់ គ្រុប និងជាក្រុមហ៊ុនផ្សព្វផ្សាយឈានមុខគេ មានមោទកភាពក្នុងការប្រកាសអំពីការចូលរួមក្នុងការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុមគុនខ្មែរ ទល់នឹងក្រុមផ្ការីកគ្រប់រដូវ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះការងារសប្បុរសធម៌សង្គម និងការគាំទ្រសម្រាប់ការអភិវឌ្ឍកីឡានៅកម្ពុជា។ .
ក្នុងនាមជាដៃគូផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ ក្រុមហ៊ុន CBS មានក្តីរំភើបរីករាយក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា ដោយផ្តោតលើវិស័យកីឡាបាល់ទាត់ និងប្រដាល់គុនខ្មែរ។ ការប្រកួតសប្បុរសធម៌នេះ គ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៦ល្ងាចតទៅ ដែល CBS ធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុក CBS Sports ។ ទស្សនិកជន ក៏អាចចូលរួមទស្សនាផ្ទាល់បានដោយសេរីផងដែរ។
ព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថានឹងទាក់ទាញសម្រាប់សារធារណជន និងអ្នកគាំទ្រកីឡា ក្នុងបុព្វហេតុសប្បុរសធម៌ ដោយថវិកាដែលទទួលពីការប្រកួតនេះ នឹងត្រូវប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ តាមរយៈការចូលរួមនៅក្នុងការប្រកួតមួយនេះ CBS គូសបញ្ជាក់ពីសារសំខាន់នៃទំនួលខុសត្រូវសង្គម និងផលវិជ្ជមានសម្រាប់សង្គមជាតិទាំងមូល។
CBS សូមអញ្ជើញសាធារណជនឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏រំភើបនេះ និងបង្ហាញពីការគាំទ្រសម្រាប់ការអភិវឌ្ឍកីឡានៅក្នុងប្រទេសកម្ពុជា។ អ្នកចូលរួម មិនត្រឹមតែរីករាយនឹងការប្រកួតបាល់ទាត់ដ៏រំភើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការរីកចម្រើននៃកីឡា និងសុខុមាលភាពរបស់សហគមន៍ផងដែរ។
សូមជម្រាបថា មុនការប្រកួតបាល់ទាត់សប្បុរសធម៌នេះ ក៏មានការប្រកួតរវាងក្រុមយុវជន U12 ផ្ការីកគ្រប់រដូវ ទល់នឹងក្រុមយុវជន U12 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ចាប់ពីម៉ោង៦ល្ងាចតទៅផងដែរ៕