×

ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានពីព្រឹត្តិការណ៍ Copa America 2024 ដោយសារមិនទាន់ជាសះស្បើយរបួស

វេជ្ជបណ្ឌិតរបស់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល លោក Rodrigo Lasmar បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Neymar នឹងមិនជាសះស្បើយពីការវះកាត់ជង្គង់ទាន់ពេលដើម្បីចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Copa America ឆ្នាំក្រោយនោះទេ។

Neymar កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមប្រេស៊ីល បានទទួលការវះកាត់កាលពីខែមុន បន្ទាប់ពីរងរបួសសរសៃពួរ ACL និងរបួសជង្គង់ខាងឆ្វេងរបស់គេ អំឡុងពេលដែលរូបចូលរួមការប្រកួតជាមួយប្រេស៊ីល កាលពីខែតុលា។

វេជ្ជបណ្ឌិត លោក Rodrigo Lasmar ដែលជាអ្នកធ្វើការវះកាត់ព្យាបាលឱ្យ Neymar បាននិយាយថា កីឡាករវ័យ៣១ឆ្នាំ នឹងមិនមានភាពធូរស្រាលរហូតដល់ខែសីហានោះទេ ហើយក្រុមគូ្រពេទ្យក៏មិនមានបំណងប្រើវិធីសាស្ត្រពន្លឿនក្នុងដំណើរជាសះស្បើយសម្រាប់របួសនេះដែរ នោះគឺដើម្បីបញ្ចៀសបញ្ហាផ្សេងៗដែលអាចកើតមានឡើង។

លោក Lasmar បាននិយាយប្រាប់ក្នុងកិច្ចសម្ភាសមួយថា៖ “យើងមិនប្រើវិធីសាស្រ្តពន្លឿន និងរំលងដំណើរការជាសះស្បើយដោយខ្លួនឯង ចំពោះរបួសរបស់ Neymar ទេ ព្រោះយើងមិនចង់ជួបហានិភ័យដែលមិនចាំបាច់។ យើងរំពឹងថា Neymar នឹងត្រលប់មកវិញនៅអំឡុងខែសីហា។ វាមានសារសំខាន់ខ្លាំងណាស់ក្នុងការមានពេលវេលាគ្រប់គ្រាន់ សម្រាប់រាងកាយជាសះស្បើយដោយខ្លួនឯង ហើយយើងចង់ឱ្យកីឡាករ ដំណើរការទៅតាមរបត់នោះ។”

Neymar បានចូលរួមជាមួយក្លិប Al-Hilal នៅក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កាលពីខែសីហា ប៉ុន្តែអតីតសមាជិក Barcelona និង Paris St Germain លេងបានតែ ៥ ប្រកួតប៉ុណ្ណោះ ដោយរូបគេមានបញ្ហារបួសសាច់ដុំ។

ដោយឡែក ប្រេស៊ីលបានជាប់ក្នុងពូល D សម្រាប់ការប្រកួតព្រឹត្តិការណ៍ Copa America 2024 ជាមួយកូឡុំប៊ី ប៉ារ៉ាហ្គាយ និង ក្រុមដែលត្រូវឆ្លងកាត់វគ្គជម្រុះ Playoff មួយក្រុមទៀត។ ព្រឹត្តិការណ៍ Copa America 2024 នឹងធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ខាងមុខ ដោយសហរដ្ឋអាមេរិក គឺជាម្ចាស់ផ្ទះរៀបចំដំណើរការការប្រកួតនោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង