×

តារាយូធូប Jake Paul ក្លាយជាអ្នកណែនាំ ក្រុមកីឡាករប្រដាល់អាមេរិក នៅអូឡាំពិកប៉ារីស

តារាយូធូបដ៏ល្បី និងជាកីឡាករប្រដាល់អាជីពរបស់អាមេរិក Jake Paul នឹងក្លាយជាអ្នកជួយណែនាំ ក្រុមកីឡាករប្រដាល់ជម្រើសជាតិអាមេរិកពីពេលនេះទៅរហូតដល់កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤។

បើតាមសេចក្តីប្រកាស USA Boxing កីឡាករ Jake Paul នឹងចែករំលែកពីបទពិសោធពីការប្រកួត របស់គេ និងភាពប៉ិនប្រសប់ក្នុងការកសាងភាពល្បីល្បាញបានលឿនរហ័ស ដើម្បីណែនាំអ្នកប្រដាល់ស្ម័គ្រចិត្តលំដាប់កំពូលអាមេរិក រួមមានកីឡាករ Joshua Edwards និង Morelle McCane។

លើសពីនេះ Paul ដែលបច្ចុប្បន្នទើបតែមានវ័យត្រឹមតែ ២៦ឆ្នាំ បានចាត់ទុកការប្រកួតកីឡាអូឡាំពិកជាព្រឹត្តិការណ៍ដ៏ធំបំផុតលើពិភពលោក ហើយគេក៏មានមោទកភាពសម្រាប់ការណែនាំដល់កីឡាករប្រដាល់របស់អាមេរិក និងបានបង្រៀនដល់កីឡាករវ័យក្មេង ឱ្យមានគោលដៅសម្រាប់ការប្រជែងយកមេដាយមាស។

តារាល្បីនៅបណ្តាញសង្គមរូបនេះ នឹងរួមចំណែកជាមួយនឹងក្រុមអត្តពលិកអាជីពលើកដំបូង និងជាអ្នកមានឥទ្ធិពលបានចាប់ដៃគូជាមួយនឹងក្រុមកីឡាករអាមេរិក សម្រាប់ការប្រកួតអូឡាំពិក ហើយគេនឹងចូលរួមអំឡុងពេលហ្វឹកហាត់ដែលធ្វើឡើងនៅកន្លែងហ្វឹកហាត់របស់គេផ្ទាល់ក្នុងរដ្ឋ Colorado Springs និងនៅការប្រកួតអូឡាំពិកទីក្រុងប៉ារីសដោយផ្ទាល់។

ការប្រកួតអូឡាំពិកទីក្រុងប៉ារីស វិញ្ញាសាប្រដាល់ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ដោយការបំពាក់មេដាយនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Roland Garros ដែលជាទីកន្លែងធ្លាប់រៀបចំការប្រកួតកីឡាវាយកូនបាល់ French Open ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង