×

ក្រុមហ៊ុនលក់សម្ភារកីឡាដ៏ធំរបស់បារាំងបន្តផ្គត់ផ្គង់ដោយសម្ងាត់ដល់រុស្ស៊ី

ក្រុមហ៊ុនលក់រាយសម្ភារកីឡាចម្រុះដ៏ល្បីរបស់បារាំង Decathlon ត្រូវបានគេរាយការណ៍ថាបានបន្តលក់សម្លៀកបំពាក់ដោយសម្ងាត់នៅក្នុងប្រទេសប្រទេសរុស្ស៊ី បើទោះជាក្រុមហ៊ុនមួយនេះធ្លាប់បានប្រកាសថាមានការដកខ្លួនក្នុងការតវ៉ាចំពោះបញ្ហាសង្គ្រាមរបស់រុស្ស៊ីជាមួយនឹងអ៊ុយក្រែនក៏ដោយក្តី។

ក្រុមហ៊ុនដែលធ្លាប់បានប្រកាសថាលក់បានប្រាក់ចំណូលប្រមាណ ១៦,៩ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ពួកគេធ្លាប់បានប្រកាសថាដកខ្លួនចេញពីទីផ្សាររុស្ស៊ីប៉ុន្មានសប្តាហ៍ ក្រោយបន្ទាប់ពីមានការលុកលុយចូលប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី។

កាលពីខែតុលា ឆ្នាំ ២០២៣ ក្រុមលក់សម្ភារកីឡាចម្រុះរបស់បារាំង Decathlon បានលក់សាខារបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ីចំនួន ៦០កន្លែងទៅឱ្យក្រុមហ៊ុន Desport ដើម្បីបង្ហាញពីការបញ្ចប់វត្តមានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។

យ៉ាងណា របាយការណ៍ស៊ើបអង្កេតបានឱ្យដឹងថា ការលក់សាខាទៅឱ្យក្រុមហ៊ុន Desport គ្រាន់តែជាការបិទបាំង តែក្រុមហ៊ុនលក់សម្ភារ Decathlon នៅតែបន្តផ្គត់ផ្គង់សម្ភារមួយចំនួនដូចជាសម្ភារដែលមានម៉ាកយីហោ Quechua, Wedze និង Kalenji។

ប្រទេសរុស្ស៊ី ត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម បន្ទាប់ពីបានវាយប្រហារចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយបានធ្វើឱ្យកើតមានបញ្ហាជាច្រើនក្នុងតំបន់អឺរ៉ុប ក៏ដូចជាបញ្ហានៅលើសាកលលោកផងដែរ។

មិនត្រឹមតែមានទណ្ឌកម្មផ្នែកនយោបាយ ឬការផ្គត់ផ្គង់ ក៏ដូចជាប្រាក់នោះទេ ទៅលើផ្នែកកីឡាក៏ស្ថាប័នធំៗដូចជា FIFA, UEFA និងស្ថាប័នកីឡាដទៃទៀត បានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីមិនឱ្យមានការប្រកួតលំដាប់អន្តរជាតិ ឬរៀបចំការប្រកួតអ្វីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង