
ក្រុមហ៊ុន CBS មានក្ដីរំភើបរីករាយបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាជនដែលបានចូលរួមជាមួយ CBS ក្នុងការចែករំលែកក្ដីស្រឡាញ់ និងចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ដែលបងប្អូនបានចូលរួមទស្សនាជាង ១២ម៉ឺននាក់ក្នុងពេលតែមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក សម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុមផ្ការីកគ្រប់រដូវ ទល់នឹងក្រុមគុនខ្មែរអលស្ដារ កាលពីយប់មិញ។
នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន CBS និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យព្រឹត្តិការណ៍ដ៏ធំមួយនេះ ទទួលបានជោគជ័យគួរជាទីពេញចិត្ត។
ជាការពិត ការប្រកួតរវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុមគុនខ្មែរអលស្ដារ បានបញ្ចប់ទៅក្នុងបរិយាកាសសប្បាយរីករាយ ទោះបីជាលទ្ធផលគឺក្រុមផ្ការីកគ្រប់រដូវ បានទទួលជ័យជម្នះលើក្រុមគុនខ្មែរអលស្ដារដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ២-១ បន្ទាប់ពីការប្រកួត៩០នាទីបញ្ចប់ដោយលទ្ធផល ៣-៣ ក៏ដោយ។
ទោះជាយ៉ាងណា ទាំងក្រុមឈ្នះនិងក្រុមចាញ់ បានបង្ហាញទឹកមុខសប្បាយរីករាយ និងពោរពេញដោយស្នាមញញឹម ត្បិតថវិកាដែលទទួលបានចំនួន ៧៧៧៧ ដុល្លារ ត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តជួយដល់កុមារកម្ពុជា។ ពិសេស ព្រឹត្តិការណ៍នេះ ក៏បានលើកស្ទួយដល់វិស័យគុនខ្មែរ និងបាល់ទាត់កម្ពុជា ហើយលើកទឹកចិត្តដល់យុវជនឱ្យចូលរួមលេងកីឡាដើម្បីចាកឆ្ងាយពីគ្រឿងញៀន។
ក្រុមហ៊ុន CBS ក៏សង្ឃឹមថា នឹងអាចរួមចំណែកនៅក្នុងការងារសប្បុរសធម៌បែបនេះតាមរយៈភាពជាដៃគូផ្សព្វផ្សាយនៅពេលក្រោយៗទៀតផងដែរ៕
