×

បារាំងអាចប្តូរទីតាំងពិធីបើកកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ ជុំវិញបញ្ហាសន្តិសុខ

ប្រធានាធិបតីប្រទេសបារាំង លោក Emmanuel Macron បានថ្លែងថា ប្រទេសបារាំងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្លាស់ប្តូរទីតាំងនៃពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ប្រសិនបើមានបញ្ហាសន្តិសុខដោយប្រការណាមួយ។

សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ភាពតានតឹងនៅតំបន់ផ្សេងទៀតនៅមជ្ឈិមបូព៌ា និងពិភពលោក បានបង្កើនការព្រួយបារម្ភអំពីសន្តិសុខសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនាឆ្នាំ២០២៤។ ពិធីបើកព្រឹត្តិការណ៍នេះ គ្រោងធ្វើឡើងនៅមាត់ទន្លេ Seine កណ្តាលទីក្រុងប៉ារីស នៅចុងខែកក្កដា។

ពាក់ព័ន្ធជាមួយនឹងពិធីបើកព្រឹត្តិការណ៍ទីក្រុងប៉ារីសឆ្នាំ ២០២៤ លោក Emmanuel Macron បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា៖ “យើងនឹងរៀបចំពិធីបើកដ៏ពិសេសមួយដែលខ្ញុំសង្ឃឹមថា នឹងផ្តល់ជនជាតិបារាំងនូវមោទកភាពយ៉ាងខ្លាំង ហើយនឹងក្លាយជាពេលនៃភាពស្រស់ស្អាត សិល្បៈពិត ការប្រារព្ធពិធីនៃកីឡា និងតម្លៃរបស់យើង។”

ជាមួយគ្នានោះ លោកបានលើកឡើងអំពីបញ្ហាសន្តិសុខផងដែរ ដោយលើកយកការវាយប្រហារដោយក្រុមជ្រុលនិយមដ៏សាហាវ ដែលកើតឡើងនៅទីក្រុងប៉ារីសកាលពីឆ្នាំ ២០១៥ កន្លងទៅ ដែលជាឧទាហរណ៍នៃវិបត្តិធ្ងន់ធ្ងរអាចបង្ខំឱ្យមានការគិតឡើងវិញ ឬផ្លាស់ប្តូរផែនការសម្រាប់ពិធីបើកកីឡាអូឡាំពិកឆ្នាំ ២០២៤។

លោក Macron ក៏បានទទូចថា ការសម្រេចចិត្តណាមួយដើម្បីផ្លាស់ទីតាំងពិធីបើកនឹងមិនត្រូវបានធ្វើឡើងភ្លាមៗនោះទេ ដោយផែនការបម្រុងទុកនឹងត្រូវបានប្រើប្រាស់លុះត្រាតែកម្រិតនៃភាពអសន្តិសុខតម្រូវឱ្យពិនិត្យមើលឡើងវិញនូវគ្រោងការណ៍ដំបូង។

គណៈកម្មាធិការអូឡាំពិកបានប្តេជ្ញាចិត្តរួចហើយ ក្នុងការបង្កើនសន្តិសុខសម្រាប់ព្រឹត្តិការណ៍នានាជុំវិញទីក្រុងប៉ារីស ខណៈយោធាបារាំង បានអះអាងអំពីការដាក់ពង្រាយទាហាន ១៥,០០០នាក់ អបជាមួយកម្លាំងប៉ូលិស សម្រាប់ការរៀបចំសន្តិសុខដែលមិនធ្លាប់មានពីមុនមក។

ភ្ញៀវទេសចរ ប្រហែល ៦០ម៉ឺននាក់ ត្រូវបានរំពឹងទុកសម្រាប់ការចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងដំណើរការចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា មុនពេលដែលព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកចូលមកដល់ ដែលនឹងដំណើរការចាប់ពីថ្ងៃទី២៨ ខែសីហា រហូតដល់ថ្ងៃទី៨ ខែកញ្ញា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង