×

ខ្សែប្រយុទ្ធ Victor Osimhen សម្រេចបន្តកុងត្រាថ្មីបន្ថែមជាមួយ Napoli

ខ្សែប្រយុទ្ធ Victor Osimhen បានសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយ Napoli ដែលនឹងធ្វើឱ្យរូបគេស្នាក់នៅទឹកដី Stadio Diego Armando Maradona រហូតដល់ឆ្នាំ ២០២៦ ខណៈរូបគេស្ថិតនៅក្នុងចាប់អារម្មណ៍ពីក្លិប Chelsea ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។

ប្រធានក្លិប Napoli លោក Aurelio de Laurentiis មានការពេញចិត្តជាមួយ Victor Osimhen និងបានបញ្ជាក់ពីការចុះហត្ថលេខាលើកុងត្រាថ្មីរបស់ កីឡាករសញ្ជាតិនីហ្សេរីយ៉ា បន្ទាប់ពីរូបគេបានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុមដែលកំពុងប្រកួតប្រជែងការពារតំណែងជើងឯកលីគកំពូលអ៊ីតាលី។

កិច្ចសន្យាថ្មីរបស់ Osimhen ត្រូវបានកំណត់ថានឹងដំណើរការរហូតដល់ឆ្នាំ ២០២៦ ដោយនឹងបូកបញ្ចូលជាមួយនឹងតម្លៃផ្តាច់កុងត្រាក្នុងចំនួនប្រមាន ១០៤ លានផោន។

Victor Osimhen បានចុះហត្ថលេខាជាមួយ Napoli ពីក្រុម Lille ក្នុងឆ្នាំ ២០២០ ក្នុងតម្លៃប្រហែល ៦៥លានផោន ដោយរហូតមកដល់ពេលនេះគេបានអភិវឌ្ឍខ្លួនទៅជាកីឡាករដ៏មានសក្តានុពលមួយរូបក្នុងពិភពបាល់ទាត់។

សូមបញ្ជាក់ដែរថា Victor Osimhen បានស្ថិតនៅក្នុងគោលដៅរបស់ក្លិប Chelsea ជាយូរមកហើយ ខណៈវាត្រូវបានគេជឿថាក្លិបអង់គ្លេស កំពុងរៀបចំសំណើធំមួយដើម្បីនាំយករូបគេ មកកាន់ក្របខណ្ឌ Premier League ក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង