មានការរាយការណ៍មកថា ក្លិប Barcelona កំពុងពិចារណាលើកិច្ចព្រមព្រៀងជាមួយក្លិប Atletico Madrid ដើម្បីបន្តកិច្ចសន្យាខ្ចីជើងបន្ថែមទៀត សម្រាប់ខ្សែប្រយុទ្ធ Joao Felix លើសពីរដូវកាលនេះ។
កីឡាករព័រទុយហ្គាល់វ័យ ២៤ឆ្នាំ បានចូលរួមជាមួយ Barcelona នៅថ្ងៃបិទបញ្ចប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Atletico Madrid បន្ទាប់ពីធ្លាក់ចេញពីការពេញចិត្តក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Diego Simeone ។
យ៉ាងណាមិញ Joao Felix បានបង្ហាញពីភាពលេចធ្លោ និងទម្រង់លេងយ៉ាងល្អ ជាមួយ សម្រាប់ក្រុមការពារតំណែងជើងឯក La Liga ដោយអាចរកបាន ៦គ្រាប់ និង ចែកបាល់ឱ្យមិត្តរួមក្រុមសម្រេចទី ៣លើក ក្នុងការបង្ហាញខ្លួន ២០ លើកនៅរដូវកាលនេះ។
ជាមួយនឹងការពេញចិត្តទៅលើ Joao Felix ឥឡូវនេះ Barcelona បានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំផែនការនិងការចរចា ខ្ចីជើងជាលើកទី២ សម្រាប់ អតីតសមាជិក Benfica ខណៈដែលពួកគេចង់រក្សាទុករូបគេសម្រាប់រដូវកាលមួយផ្សេងទៀត។
បញ្ហាហិរញ្ញវត្ថុបច្ចុប្បន្នរបស់ Barcelona បានធ្វើឱ្យពួកគេហាក់គ្មានលទ្ធភាពក្នុងការទិញផ្តាច់ទាំងសម្រាប់ Joao Felix នោះទេ ដូច្នេះហើយទើប Barcelona ចង់ពិភាក្សាជាមួយ Atletico Madrid ក្នុងការផ្តល់ជូនកិច្ចព្រមព្រៀងខ្ចីជើងមួយរដូវកាលផ្សេងទៀត។
ទោះយ៉ាងណា ក៏មានការរាយការណ៍បន្ថែមដែរថា Atletico Madrid បើកចំហរក្នុងការខ្ចីជើង ជាមួយនឹងតម្លៃប្រាក់កម្ចី ១៥ លានអឺរ៉ូ និងជម្រើសទិញផ្តាច់ជាចាំបាច់ សម្រាប់កិច្ចព្រមព្រៀងបច្ចុប្បន្នប៉ុណ្ណោះ ហើយពួកគេនឹងមិនទទួលយកការបន្តចរចាខ្ចីជើងបន្ថែមណាមួយពី Barcelona នោះឡើយ៕