×

កីឡាករ Real Madrid ២រូបអាចវិលមកវិញសម្រាប់ការប្រកួតដើមឆ្នាំថ្មី ក្រោយធូរស្រាលរបួស

Real Madrid នឹងត្រូវស្វាគមន៍ Mallorca សម្រាប់ការប្រកួតបើកឆាកឆ្នាំថ្មី នៅក្របខណ្ឌ La Liga នាយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ស្របពេលដែល កីឡាករសំខាន់ៗមួយចំនួនដែលមានបញ្ហារបួស ត្រូវបានរំពឹងថា នឹងត្រលប់មកវិញ។

គ្រូបង្វឹកលោក Carlo Ancelotti, ដែលទើបតកុងត្រាជាមួយ Real Madrid ដល់ឆ្នាំ២០២៦ បានបន្ថយក្ដីកង្វល់ចំពោះបញ្ហាកីឡាករជាច្រើនរងរបួស ខណៈក្រុមអធិរាជស កំពុងត្រៀមខ្លួនសម្រាប់ការប្រកួត Copa del Rey និង Spanish Super Cup នាខែមករានេះដែរ។

យ៉ាងណា បើតាមសេចក្តីរាយការណ៍ចុងក្រោយពីសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា ខ្សែប្រយុទ្ធ Vinicius Junior និង ខ្សែការពារ Dani Carvajal អាចត្រលប់មកហ្វឹកហាត់បានពេញលេញវិញហើយ។

Vinicius បានបង្ហើបពីលទ្ធភាពក្នុងការត្រលប់មកកាន់ជម្រើស១១នាក់ដំបូង ទល់នឹង Mallorca ដោយបានអះអាងថា គេត្រៀមខ្លួនរួចរាល់បើលោក Ancelotti ត្រូវការ។

ប្រភពខាងដើមដដែល បានបញ្ជាក់ថា កីឡាករទាំងពីររូប អាចហ្វឹកហាត់បានពេញលេញ នៅជំរំហ្វឹកហាត់ Valdebebas ហើយអាចលេងទល់នឹង Mallorca។

សូមបញ្ជាក់ថា ក្រោយឆ្លងកាត់១៨ប្រកួតនៅក្របខណ្ឌ La Liga ក្រុម Real Madrid កំពុងឈរកំពូលតារាង មាន ៤៥ពិន្ទុ ខណៈក្រុម Mallorca នៅលេខ១៤ មាន ១៨ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង