កីឡាករអេស្ប៉ាញ Rafael Nadal បានវិលត្រឡប់មកកាន់ការប្រកួតវាយកូនបាល់វិញហើយ ក្រោយពីធូរស្រាលរបួស ដោយរូបគេក៏បានទទួលជ័យជម្នះផងដែរ នៅក្នុងការប្រកួតជុំទី១ នៃកម្មវិធី Brisbane International 2024 ដែលធ្វើឡើងនាទីក្រុង Brisbane ប្រទេសអូស្ត្រាលី។
ជាការពិត ជើងឯកពានរង្វាន់ Grand Slam ២២សម័យ Rafael Nadal បានខកខានការប្រកួតជិតមួយឆ្នាំមកហើយ បន្ទាប់ពីវះកាត់ព្យាបាលរបួសត្រកៀកឆ្វេង កាលពីខែមិថុនា ដោយរបួស កើតមានពេលរូបគេចូលរួមប្រកួតកម្មវិធី Australian Open ឆ្នាំ២០២៣ ដោយកាលណោះបានចាញ់កីឡាករអាមេរិក Mackenzie McDonald ត្រឹមជុំទី២ប៉ុណ្ណោះ។
ការខកខានការប្រកួតកន្លងមកធ្វើឱ្យ Rafael Nadal បានធ្លាក់ចំណាត់ថ្នាក់រហូតដល់លេខ ៦៧២ពិភពលោកឯណោះ។
សម្រាប់ការវិលត្រឡប់មកកាន់ទីលានវិញលើកនេះ កីឡាករវ័យ៣៧ឆ្នាំ បានជួបប្រកួតជាមួយកីឡាករជើងខ្លាំងរបស់អូទ្រីស Dominic Thiem ដោយរូបគេក៏បានទទួលជ័យជម្នះតាមរយៈលទ្ធផល 7-5 និង 6-1។
Rafael Nadal នឹងត្រូវបន្តឡើងទៅកាន់ការប្រកួតជុំទី២ ដោយត្រូវប៉ះជាមួយកីឡាករម្ចាស់ផ្ទះ Jason Kubler ដែលបានទម្លាក់កីឡាកររុស្ស៊ី Aslan Karatsev៕