គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានធ្វើការបញ្ជាក់ថា លោកពិតជាបាននិយាយជាមួយក្រុមជម្រើសជាតិប្រេស៊ីលពិតមែន មុនបន្តកុងត្រាថ្មីជាមួយ Real Madrid ។
កាលពីខែកក្កដា ឆ្នាំ២០២៣ របាយការណ៍ជាច្រើនបានចេញផ្សាយថា គ្រូបង្វឹកជនជាតិអ៊ីតាលី អាចនឹងក្លាយជាគ្រូបង្វឹកជនបរទេសដំបូងគេក្នុងរយៈពេលជិត៦០ឆ្នាំ ដែលដឹកនាំក្រុម ប្រេស៊ីល មុនពេលរូបលោកសម្រេចចុះហត្ថលេខាកុងត្រាថ្មីជាមួយក្លិប Real Madrid ។
ទន្ទឹមនឹងពេលនោះដែរ កិច្ចព្រមព្រៀងពីមុនរបស់លោក Ancelotti នៅទឹកដី Santiago Bernabéu គឺនឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ។ ដោយមានអនាគតមិនច្បាស់លាស់ ទើបស្ថានភាពនោះនាំឱ្យលោកត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងក្រុមប្រេស៊ីល។
យ៉ាងណា បុរសវ័យ៦៤ឆ្នាំ តែងតែបង្ហើបថា ជម្រើសដំបូងរបស់ខ្លួនគឺចង់ចុះហត្ថលេខាកុងត្រាថ្មីបន្ថែមទៀតនៅ Real Madrid ហើយក្លិបក៏បានផ្តល់ជូនកុងត្រាថ្មីដល់លោកបន្ថែមទៀតមែន ដោយនឹងបន្តវារហូតដល់ខែមិថុនាឆ្នាំ ២០២៦ ឯណោះ ។
ជុំវិញរឿងនេះ លោក Ancelotti បានប្រាប់ថា៖ “ខ្ញុំរីករាយណាស់ជាមួយនឹងការបន្តកុងត្រាថ្មីរបស់ខ្ញុំ។ វាសាមញ្ញ។ មិនមានបញ្ហា ឬការសង្ស័យអ្វីនោះទេ។ ហើយខ្ញុំពិតជារីករាយណាស់ក្នុងការបន្តវារយៈពេលពីរឆ្នាំទៀត ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid។”
លោកបន្តទៀតថា៖ “ការពិតគឺថាគ្រប់គ្នាបានដឹងហើយថាខ្ញុំបានទាក់ទងជាមួយប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Ednaldo ហើយខ្ញុំសូមអរគុណសម្រាប់រឿងនោះ ប៉ុន្តែគោលបំណងធំរបស់ខ្ញុំគឺចង់បន្តជាមួយ Real Madrid ។”
លោក Carlo Ancelotti ត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏ល្បីល្បាញ និងជោគជ័យបំផុតម្នាក់ បន្ទាប់ពីដឹកនាំក្លិបកំពូលៗជាច្រើននៅអឺរ៉ុប រួមមាន Juventus, AC Milan, Chelsea, PSG, Real Madrid រហូតដល់២លើក, Bayern Munich, Napoli និងបានឈ្នះពានរង្វាន់ជាច្រើនក្នុងរួមទាំង UEFA Champions League រហូតដល់៤ដងផងដែរ។
ដោយឡែក លោក Carlo Ancelotti ក៏ទើបតែដឹកនាំ Real Madrid ឈ្នះក្រុម Mallorca ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង La Liga មាន ៤៨ពិន្ទុ ពី១៩ប្រកួត ស្មើពិន្ទុក្រុមលេខ២ Girona ក្រោយលេងបាន១៩ប្រកួតដូចគ្នា៕