×

ក្រុមជម្រើសជាតិប្រេស៊ីលបញ្ចប់តំណែងគ្រូបង្វឹកលោក Fernando Diniz

សហព័ន្ធបាល់ទាត់ប្រេស៊ីល CBF បានសម្រេចធ្វើការបញ្ចប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Fernando Diniz ក្រោយការដឹកនាំទទួលលទ្ធផលមិនល្អ។

លោក Diniz វ័យ៤៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន ក្នុងកិច្ចសន្យាមួយឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៣។ ក្រោមការដឹកនាំ៦ប្រកួតក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ក្រុមរហស្សនាមសាំបា ចាញ់៣លើក ស្មើមួយ និងឈ្នះ២លើកប៉ុណ្ណោះ។

លទ្ធផលដឹកនាំមិនសមប្រកបខុសពីការរំពឹងទុកនេះ បានធ្វើឱ្យ CBF សម្រេចបញ្ចប់តំណែងលោក Diniz មុនកិច្ចសន្យាតែម្តង និងរកបេក្ខភាពថ្មីជំនួសតំណែងនេះ។

ប្រធាន CBF លោក Ednaldo Rodrigues លើកឡើងថាលោកសម្រេចចិត្តបញ្ចប់លោក Diniz ដោយស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍តែម្តង ដើម្បីរៀបចំក្រុមសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ ២០២៦។

សម្រាប់តំណែងគ្រូថ្មីនេះដែរ សហព័ន្ធបាល់ទាត់ប្រេស៊ីល CBF កំពុងមើលឃើញលោក Carlo Ancelotti គ្រូបង្វឹក Real Madrid ដើម្បីដឹកនាំនៅដើមឆ្នាំនេះតែម្តង ប៉ុន្តែតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បុរសសញ្ជាតិអ៊ីតាលីចង់នៅដឹកនាំ Real Madrid ដដែល។

ក្រៅពី Ancelotti លោក Rodrigues ក៏ពេញចិត្តការដឹកនាំរបស់លោក Dorival Junior គ្រូបង្វឹក Sao Paulo ផងដែរ។

ឆ្លងកាត់វគ្គជម្រុះ FIFA World Cup តំបន់អាមេរិកខាងត្បូង CONMEBOL ចំនួន ៦ប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Fernando Diniz ក្រុមប្រេស៊ីល ស្ថិតនៅចំណាត់ថ្នាក់ទី៦ ជាប់តំបន់ត្រូវកាត់ចោល ដោយរកបាន៧ពិន្ទុប៉ុណ្ណោះ។ រីឯគូប្រជែងរបស់ពួកគេគឺក្រុមអាហ្សង់ទីន ឈរកំពូលតារាងមាន១៥ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង