
លោក Mario Zagallo ដែលជាវីរបុរសជួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលលើកពាន FIFA World Cup ៤ដង ក្នុងនាមជាកីឡាករ និងគ្រូបង្វឹកផងនោះ បានទទួលមរណភាពនៅក្នុងជន្មាយុ ៩២ ឆ្នាំ។
ក្រោយមរណភាពនេះ លោកប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បានចូលរួមរំលែកទុក្ខ និងលើកសរសើរលោក Zagallo ជាកីឡាករ និងជាគ្រូបង្វឹកកីឡាបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់លំដាប់ពិភពលោក។
លោក Zagallo ជាអតីតខ្សែប្រយុទ្ធ របស់ក្រុមជម្រើសជាតិប្រេស៊ីល អំឡុងពេលពួកគេឈ្នះ World Cup ពីរសម័យជាប់គ្នា ក្នុងឆ្នាំ ១៩៥៨ និង ១៩៦២។
ក្រៅពីជាកីឡាករ លោក Zagallo ក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមសាំបាប្រេស៊ីលផងដែរ ដោយលើកដំបូងចន្លោះឆ្នាំ១៩៦៧ និង១៩៧៤ និងលើកទី២ ពីចន្លោះឆ្នាំ១៩៩១ និង១៩៩៨។
អំឡុងពេលដឹកនាំក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ១៩៧០ ប្រេស៊ីលដែលមានកីឡាករឆ្នើម Pele និង Carlos Alberto ជាសមាជិកក្រុម បានក្លាយជាជើងឯក។
ជ័យជម្នះចុងក្រោយរបស់ លោក Zagallo បានកើតឡើងក្នុងនាមជាជំនួយការគ្រូបង្វឹករបស់លោក Carlos Alberto Parreira នៅពេលប្រេស៊ីលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកម្តងទៀត ក្នុងឆ្នាំ ១៩៩៤។ ក្រោមការដឹកនាំរបស់លោក Zagallo ជាថ្មីនៅឆ្នាំ១៩៩៨ ប្រេស៊ីលស្ទើរតែនឹងទទួលបានជើងឯក FIFA World Cup ម្តងទៀត ប៉ុន្តែចាញ់បារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ។
លោក Zagallo ដែលប្រកបអាជីពកីឡាករក្នុងក្លិប Flamengo និង Botafogo ជាមនុស្សដំបូងគេដែលបានឈ្នះពាន FIFA World Cup ក្នុងនាមជាកីឡាករ និងជាអ្នកគ្រូបង្វឹក ដែលបន្តបន្ទាប់មកមានលោក Franz Beckenbauer របស់អាល្លឺម៉ង់ និងលោក Didier Deschamps របស់បារាំង៕