ខ្សែប្រយុទ្ធ Cristiano Ronaldo បានទម្លាក់គូប្រជែងយូរឆ្នាំរបស់ខ្លួនគឺខ្សែប្រយុទ្ធ Lionel Messi ដើម្បីឡើងក្លាយជាអត្តពលិកដែលរកប្រាក់ចំណូលខ្ពស់បំផុតលើពិភពលោកប្រចាំឆ្នាំ២០២៣ ក្នុងបញ្ជីទស្សនាវដ្តី Forbes។
ជាការពិត Cristiano Ronaldo បានរកប្រាក់ចំណូលខ្ពស់បំផុត ចំនួន ១៣៦លានដុល្លារអាមេរិក ដោយកីឡាករដែលកំពុងប្រកបអាជីពជាមួយក្រុម Al Nassr រកបានក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២៣ តាមរយៈប្រាក់ឈ្នួលក្នុងកីឡាបាល់ទាត់ រួមជាមួយថ្លៃផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ។
នេះជាការដណ្តើមបានតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes សារជាថ្មីក្នុងនាមអត្តពលិកមានប្រាក់ចំណូលខ្ពស់បំផុតលើពិភពលោក របស់ Ronaldo ក្រោយអាក់ខាន៥ឆ្នាំ ដោយគេបានកាន់តំណែងនេះ២លើកជាប់គ្នាក្នុងឆ្នាំ ២០១៦ និង ២០១៧។
សម្រាប់ Lionel Messi បានធ្លាក់ទៅលេខ២វិញ ក្រោយរក្សាចំណូល ១៣០លានដុល្លារ រីឯ ខ្សែប្រយុទ្ធបារាំង Kylian Mbappé ស្ថិតនៅលេខ៣ ដោយរកបាន ១២០លានដុល្លារ។ កីឡាករបាល់បោះ LeBron James របស់ក្រុម Los Angeles Lakers ធ្លាក់ពីលេខ២ ទៅលេខ៤វិញ ដោយរកបានចំណូលសរុបប្រចាំឆ្នាំចំនួន ១១៩,៥លានដុល្លារ។
ក្នុងចំណោមអត្តពលិកមានចំណូលខ្ពស់បំផុតទាំង១០លើលោក មាន៣រូបជាកីឡាករបាល់ទាត់ ៣រូបជាកីឡាករបាល់បោះ នៅលីគកំពូលអាមេរិក NBA និង២រូបជាកីឡាករវាយកូនហ្គោល។ ចំពោះខ្សែប្រយុទ្ធប្រេស៊ីល Neymar ដែលជាប់ជាអត្តពលិករកចំណូលបានច្រើនលេខ៤ ប្រចាំឆ្នាំ ២០២២ មិនស្ថិតក្នុងបញ្ជី១០រូបរបស់ Forbes ឆ្នាំ២០២៣ ឡើយ៕