ការប្រណាំងរថយន្តកម្មវិធី Dakar Rally 2024 បានបន្តឈានដល់ដំណាក់កាលទី៣ហើយ ដែលការប្រកួតបានធ្វើឡើងចាប់ពីតំបន់ Ad Dawadimi ទៅកាន់តំបន់ Al Salamiya ភាគខាងលិចប្រទេសកាតា។
នៅក្នុងការប្រកួតដែលមានចម្ងាយផ្លូវប្រមាណ ៤៤០ គីឡូម៉ែត្រ រវាងតំបន់ទាំង២ខាងដើម គេក៏បានរកឃើញអ្នកឈ្នះផងដែរ នោះគឺកីឡាករប្រេស៊ីល Lucas Moraes កាន់ចង្កូតឱ្យក្រុម Toyota ដោយបានប្រើពេលអស់ ៤ម៉ោង ១៤នាទីនិង ៥១វិនាទី។ កីឡាករស៊ុយអែត Mattias Ekström កាន់ចង្កូតឱ្យក្រុម Audi ទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករអារ៉ាប៊ីសាអ៊ូឌីត Yazeed Al-Rajhi កាន់ចង្កូតឱ្យក្រុម Toyota ទទួលបានចំណាត់ថ្នាក់លេខ៣។
យ៉ាងណា នៅតារាងពេលវេលាសរុប កីឡាករ Yazeed Al-Rajhi កំពុងឈរកំពូលតារាង ប្រើពេលអស់ ១៣ម៉ោង ៧នាទី និង២៩វិនាទី។
សម្រាប់ការប្រកួតខាងផ្នែកម៉ូតូវិញ កីឡាករអាហ្សង់ទីន Kevin Benavides មកពីក្រុម KTM ជាអ្នកទទួលបានជ័យជម្នះដោយប្រើពេលអស់ ៤ម៉ោង ៣៩នាទី និង២៨វិនាទី។ កីឡាករអាមេរិក Ricky Brabec មកពីក្រុម Honda ស្ថិតនៅចំណាត់ថ្នាក់លេខ២ ហើយកីឡាករបារាំង Adrien Van Beveren មកពីក្រុម Honda ដូចគ្នាស្ថិតនៅចំណាត់ថ្នាក់លេខ៣។
នៅតារាងពេលវេលាសរុបសម្រាប់ការប្រណាំងម៉ូតូនេះ គឺកីឡាករ Ross Branch ជនជាតិបូតស្វាណា មកពីក្រុម Hero ជាអ្នកឈរកំពូលតារាង ដោយប្រើពេលអស់ ១៤ម៉ោង ៣២នាទី និង៥១វិនាទី។
ការប្រកួតដំណាក់កាលទី៤ នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ចាប់ផ្តើមពីតំបន់ Al Salamiya ប្រទេសកាតា ទៅកាន់តំបន់ Al-Hofuf ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានចម្ងាយផ្លូវប្រមាណ ២៩៩ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា កម្មវិធី Dakar Rally 2024 គឺជាការដំណើរការលើកទី ៤៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការប្រកួតឆ្នាំនេះ មានចំនួន១២ដំណាក់កាល ដែលធ្វើឡើងពីថ្ងៃទី ៦ ដល់ថ្ងៃទី១៩ ខែមករា ខាងមុខ៕