×

ខ្សែប្រយុទ្ធ Kylian Mbappe យល់ព្រមចូលរួមជាមួយ Real Madrid

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ឱ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe របស់ PSG នឹងចូលរួមជាមួយ Real Madrid នៅទីផ្សារដោះដូរកីឡាការរដូវក្តៅនេះ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីរូបគេ ឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លិបនៅអេស្ប៉ាញ។

ជាការពិត ២រដូវកាលចុងក្រោយ ដំណឹងដែល Kylian Mbappe ទៅចូលរួមជាមួយ Real Madrid របស់ បានកើតឡើងជាបន្តបន្ទាប់។ យ៉ាងណា នៅមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវការទេ ខណៈ PSG ព្យាយាមគ្រប់មធ្យោបាយ ដើម្បីចងជើងកីឡាករបារាំង តាមរយៈការផ្តល់កុងត្រាថ្មី និងជៀសវាងការចាកចេញដោយគ្មានតម្លៃខ្លួន ដ្បិតកុងត្រាបច្ចុប្បន្ននឹងអស់សុពលភាពនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

តួយ៉ាង កាលពីមុនសំណើរបស់ក្លិប Real Madrid ដែលធ្វើឡើងតាំងពីឆ្នាំ ២០២១ ក៏ធ្លាប់ត្រូវបាន Mbappe បដិសេធ ស្របពេលដែលកាលនោះមានរឿងរ៉ាវមិនល្អជាមួយនឹងក្លិប PSG រហូតដល់ឆ្នាំ ២០២២ រឿងទាក់ទងនឹងការចុះកិច្ចសន្យារវាងភាគីទាំងពីរក៏កើតឡើងជាថ្មីជាមួយនឹងតម្លៃកើនឡើង តែនៅតែត្រូវបាន PSG រារាំង។

យ៉ាងណា ឥឡូវនេះ បើតាមសារព័ត៌មាន Foot Mercato បានឱ្យដឹងថា Mbappe បានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid បន្ទាប់ពីបានបដិសេធមិនបន្តកុងត្រាថ្មីជាមួយ PSG ។

Mbappe មានសេរីភាពក្នុងការចរចាជាមួយក្លិបផ្សេងទៀតចាប់តាំងពីថ្ងៃទី១ ខែមករា នៅពេលដែលកុងត្រាឈានចូលដល់៦ខែចុងក្រោយ ដូច្នេះ Real Madrid បានចាប់ផ្តើមការចរចា តែម្តង ដោយក្លិបកំពុងពិចារណាថ្លៃនឿយហត់ដល់កីឡាករ។

ដោយឡែក សារព័ត៌មានបារាំង Le Parisien បានរាយការណ៍ថា ក្លិប Liverpool នឹងក្លាយជាគូប្រជែងជាមួយក្លិប Real Madrid ដើម្បីចុះហត្ថលេខានាំយក Mbappe មកចូលរួម។

Kylian Mbappe បានផ្លាស់ពីក្លិប AS Monaco មកចូលរួមជាមួយក្លិប PSG កាលពីចុងខែសីហា ឆ្នាំ២០១៨ តម្លៃ ១៨០លានអឺរូ។ រូបគេបានបង្ហាញខ្លួនសរុប ២៨៤ប្រកួត និងស៊ុតបញ្ចូលទីបាន ២៣៧គ្រាប់ ជួយឱ្យ PSG ឈ្នះពានរង្វាន់ Ligue 1 ៥ដង Coupe de France ៣ដង Coupe de la Ligue ២ដង និង French Super Cup ៣ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង