×

អតីតគ្រូបង្វឹក São Paulo លោក Dorival Júnior ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្រុមជម្រើសជាតិប្រេស៊ីល

សហព័ន្ធបាល់ទាត់ប្រេស៊ីល បានសម្រេចតែងតាំងលោក Dorival Júnior មកជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល ដោយកុងត្រារបស់លោកមានសុពលភាពរយៈពេល ២ ឆ្នាំ រហូតដល់ចប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦។

លោក Dorival Júnior ដែលទើបតែបានចាកចេញពីការកាន់តំណែងនៅក្លិប São Paulo បានមកដឹកនាំក្រុមសំាបាប្រេស៊ីល បន្តពីគ្រូបង្វឹកបណ្តោះអាសន្នលោក Fernando Diniz ដែលត្រូវបានបញ្ចប់តំណែងកាលពីពេលថ្មីៗនេះ។ លោក Diniz បានមកកាន់តំណែង កាលពីខែកក្កដា ឆ្នាំ ២០២៣។

ការតែងតាំងបុរសវ័យ៦១ឆ្នាំ ក៏បានធ្វើឡើងក្រោយគ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានសម្រេចតកុងត្រាថ្មីជាមួយក្លិបនៅលីគកំពូលអេស្ប៉ាញរហូតដល់ខែមិថុនា ឆ្នាំ២០២៦ បើទោះជាមានរបាយការណ៍ជាច្រើនបានលើកឡើងថា លោក Ancelotti នឹងអាចមកដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល នៅពេលដែលលោកចប់កុងត្រាជាមួយ Real Madrid នៅខែមិថុនា ឆ្នាំ២០២៤ ក៏ដោយ។

សម្រាប់ លោក Dorival Junior មានបទពិសោធដឹកនាំក្លិបប្រមាណ ២០ ឆ្នាំ ហើយធ្លាប់ដឹកនាំក្លិបធំៗនៅប្រេស៊ីលដូចជាក្លិប Falmengo និង Sao Paulo ជាដើម។

លោក Dorival Junior ត្រូវបានរំពឹងថា នឹងរៀបចំឡើងវិញនូវទម្រង់លេងរបស់ក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ត្រៀមកម្មវិធី World Cup ២០២៦។ ក្រុមសាំបាប្រេស៊ីល ដែលជាក្រុមឈ្នះ FIFA World Cup ច្រើនជាងគេ ៥ដងនោះ បានខកខានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនេះជាង ២២ ឆ្នាំហើយ។ លើកចុងក្រោយដែល ប្រេស៊ីលឈ្នះ World Cup គឺនៅឆ្នាំ ២០០២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង