×

កីឡដ្ឋាន MetLife នឹងផ្លាស់ប្តូរកៅអីអង្គុយ ដើម្បីត្រៀមដេញថ្លៃរៀបចំជំនួបផ្តាច់ព្រ័ត្រ FIFA World Cup 2026

កីឡដ្ឋានដ៏ធំនៅអាមេរិក MetLife Stadium គ្រោងផ្លាស់ប្តូរកៅអីអង្គុយចំនួន ១,៧៤០ កៅអី ដើម្បីពង្រីកទីតាំងអង្គុយក្នុងទីលានសម្រាប់ត្រៀមការប្រកួត FIFA World Cup 2026 និងដើម្បីចូលរួមដេញថ្លៃទទួលការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

កីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Rutherford រដ្ឋ New Jersey កំពុងត្រៀមខ្លួនរៀបចំការប្រកួត FIFA World Cup 2026 ដែលជាការប្រកួតមានកំណែទម្រង់កើនដល់ចំនួន ៤៨ក្រុមជាលើកដំបូង។

កីឡដ្ឋាន MetLife ក៏នឹងត្រូវត្រៀមខ្លួនសម្រាប់ការប្រកួតជុំចុងក្រោយចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចទៅនឹងកីឡដ្ឋាន AT&T ក្នុងទីក្រុង Arlington រដ្ឋតិចសាស់។

ទោះអាមេរិកធ្វើជាសហម្ចាស់ផ្ទះរួមជាមួយនឹងប្រទេសម៉ិកស៊ិក និងកាណាដា ប៉ុន្តែ សហព័ន្ធបាល់ទាត់ពិភពលោក FIFA នៅមិនទាន់សម្រេចថា កីឡដ្ឋានណាមួយនឹងធ្វើជាទីតាំងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឡើយ ដ្បិតការប្រកួតក្នុងឆ្នាំ ២០២៦ គឺរៀបចំដោយ FIFA ដោយផ្ទាល់ មិនដូចកាលឆ្នាំ ១៩៩៤ ដែលរៀបចំដោយមន្ត្រីរបស់ម្ចាស់ផ្ទះឡើយ។

MetLife ជាកីឡដ្ឋានដែលបើកដំណើរការតាំងពីឆ្នាំ ២០១០ ដោយវាផ្ទុកមនុស្សបានចំនួន៨៣,៣៦៧នាក់ ជាចំនួនសមស្របតាមស្តង់ដារបស់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup។ កីឡដ្ឋានដែល World Cup តម្រូវសម្រាប់វគ្គផ្តាច់ព្រ័ត្រចាប់ពីចំនួន ៧៤,៨៩៥នាក់ ឡើងទៅ។

គម្រោងផ្លាស់ប្តូរកៅអីអង្គុយកីឡដ្ឋាន MetLife នេះដែរ គឺដើម្បីធ្វើឱ្យសមស្របទៅតាមស្តង់ដាដែល FIFA បានកំណត់ទុក។ ការកែលម្អឡើងវិញនៅក្នុងកីឡដ្ឋាន MetLife នឹងត្រូវធ្វើឡើងក្រោយពេលការរៀបចំការប្រកួតពានរង្វាន់ Copa America 2024 រួចរាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង