×

អាល្លឺម៉ង់ក្លាយជាក្រុមដំបូងគេ ឡើងទៅជុំផ្តាច់ព្រ័ត្រ FIFA World Cup 2022 ក្រោយយកឈ្នះម៉ាសេដូនៀខាងជើង

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានក្លាយជាក្រុមដំបូងគេ ដែលបានឡើងទៅជុំផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2022 ក្រោយយកឈ្នះ ក្រុមម្ចាស់ផ្ទះម៉ាសេដូនៀខាងជើង ដោយលទ្ធផល ៤-០ ក្នុងវគ្គជម្រុះពូល J ជុំទី៨។

ការប្រកួតនាទីលាន Toše Proeski Arena នេះគេមើលឃើញថា ក្រុមអាល្លឺម៉ង់ បានគ្រប់គ្រងស្ថានការណ៍ដល់ទៅ ៧៤ភាគរយ មានឱកាសស៊ុតដល់ទៅ២៤ដង ខណៈម៉ាសេដូនៀ មានឱកាសតែ៧ដងប៉ុណ្ណោះ។ ទោះយ៉ាងណា មិនមានគ្រាប់បាល់កើតឡើងទេនៅក្នុងវគ្គទី១។


ចូលដល់វគ្គទី២នាទី ៥០ ទើបខ្សែប្រយុទ្ធ Kai Havertz បានរកគ្រាប់បាល់បំប៉ោងសំណាញ់ទីគ្រាប់បើកឆាក មុនពេលខ្សែប្រយុទ្ធ Timo Werner រកបាន២គ្រាប់ម្នាក់ឯង នៅនាទី៧០ និងនាទី៧៣។ នាទី៩៣ ខ្សែប្រយុទ្ធ Jamal Musiala ជាអ្នកបន្ថែមគ្រាប់បាល់ទី៤ឱ្យអាល្លឺម៉ង់យកឈ្នះម៉ាសេដូន ក្នុងលទ្ធផល ៤-០ ខាងលើតែម្តង។
ជ័យជម្នះនេះ បានជួយឱ្យអាល្លឺម៉ង់ឈរកំពូលតារាងពូល J មានដល់ទៅ២១ពិន្ទុ ក្រោយឆ្លងកាត់៨ប្រកួត លើពិន្ទុក្រុមលេខ២ រូម៉ានី ដល់ទៅ៨ពិន្ទុឯណោះ ខណៈការប្រកួតសល់តែ២លើកទៀត។

តាមរយៈពិន្ទុនេះក្រុមរហស្សនាមឥន្ទ្រីដែក មានលទ្ធភាពគ្រប់គ្រាន់បានឡើងទៅលេងនៅព្រឹត្តិការណ៍ World Cup ២០២២ ជាមួយក្រុមម្ចាស់ផ្ទះកាតា ដែលមានកៅអីរួចជាស្រេចហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង