×

អ្នកប្រណាំងរថយន្ត Nasser Al-Attiyah ឈ្នះដំណាក់កាលទី៥ កម្មវិធី Dakar Rally 2024

កីឡាករកាតា Nasser Al-Attiyah និងជាអ្នកការពារតំណែងជើងឯកនៃការប្រណាំងរថយន្ត កម្មវិធី Dakar Rally បានទទួលជ័យជម្នះ ក្នុងការប្រកួតដំណាក់កាលទី៥ សម្រាប់រដូវកាលឆ្នាំ២០២៤នេះ។

ជាការពិត ការប្រកួតដែលធ្វើឡើងចាប់ពីតំបន់ Al-Hofuf ទៅកាន់តំបន់ Shaybah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានចម្ងាយផ្លូវប្រមាណ ១១៨គីឡូម៉ែត្រ កីឡាករ Nasser Al-Attiyah ដែលកាន់ចង្កូតឱ្យក្រុម Prodrive បានបញ្ចប់ទីព្រ័ត្រ ដោយប្រើពេលអស់ ១ម៉ោង ៣៧នាទី និង ២៥វិនាទី។ កីឡាករបារាំង Guerlain Chicherit កាន់ចង្កូតឱ្យក្រុម Toyota បញ្ចប់ទីព្រ័ត្រ លំដាប់ទី២ យឺតជាងអ្នកលេខ១ ១នាទី ៥១វិនាទី ហើយកីឡាករអាហ្សង់ទីន Juan Cruz Yacopini មកពីក្រុម Toyota ដូចគ្នា បញ្ចប់ទីព្រ័ត្រលំដាប់ទី៣ យឺតជាង ១នាទី ៥៨វិនាទី។

នៅតារាងពេលវេលាសរុបវិញ កីឡាករម្ចាស់ផ្ទះ Yazeed Al-Rajhi កាន់ចង្កូតឱ្យក្រុម Toyota ជាអ្នកឈរកំពូលតារាង ប្រើពេលអស់ ១៧ម៉ោង ២៤នាទី និង៤វិនាទី។

ងាកមកកាន់ការប្រកួតផ្នែកម៉ូតូវិញ កីឡាករឈីលី Pablo Quintanilla កាន់ចង្កូតឱ្យក្រុម Honda ជាអ្នកទទួលបានជ័យជម្នះ ដោយប្រើពេលអស់ ១ម៉ោង ៣២នាទី និង៥៣វិនាទី។ កីឡាករបារាំង Adrien Van Beveren កាន់ចង្កូតឱ្យក្រុម Honda ដូចគ្នា បញ្ចប់ទីព្រ័ត្រលំដាប់ទី២ ហើយកីឡាករ អូស្ត្រាលី Toby Price កាន់ចង្កូតឱ្យក្រុម KTM បញ្ចប់ទីព្រ័ត្រលំដាប់ទី៣។

ខាងផ្នែកម៉ូតូនេះកីឡាករជនជាតិបូស្វាតណា Ross Branch មកពីក្រុម Hero ជាអ្នកឈរកំពូលតារាងគិតត្រឹមការប្រកួតដំណាក់កាលទី៥នេះ ដោយប្រើពេលអស់ ១៩ម៉ោង ៥នាទី និង ៣វិនាទី។

ការប្រកួតជាបន្តដំណាក់កាលទី៦ នឹងបន្តធ្វើឡើងនៅថ្ងៃនេះ នាតំបន់ Shaybah ភាគខាងជើងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចម្ងាយផ្លូវ ៥៣២គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង