×

កំពូលកីឡាករវាយកូនគោល Tiger Woods និងក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់ Nike បញ្ចប់ភាពជាដៃគូរយៈពេលវែង

កំពូលកីឡាករវាយកូនគោល Tiger Woods និងក្រុមហ៊ុនផ្គត់ផ្គង់សម្លៀកបំពាក់កីឡារបស់សហរដ្ឋអាមេរិក Nike បានប្រកាសបញ្ចប់ភាពជាដៃគូរយៈពេលវែងជាផ្លូវការ បន្ទាប់ពីចំណាយពេលជាមួយគ្នាជាង២៧ឆ្នាំ។

ម្ចាស់ជើងឯកកីឡាវាយកូនហ្គោលពិភពលោក១៥សម័យកាល វ័យ៤៨ឆ្នាំ បានក្លាយជាដែគូសហការយ៉ាងសំខាន់របស់ក្រុមហ៊ុន Nike ចាប់តាំងពី ឆ្នាំ១៩៩៦មកម្ល៉េះ។

ប្រភពពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធំៗនៅសហរដ្ឋអាមេរិកបានរាយការណ៍ថា Tiger Woods ត្រូវបានប៉ាន់ប្រមាណថា រកបានប្រហែល៥០០លានដុល្លារអាមេរិកក្នុងរយៈពេល២៧ឆ្នាំភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Nike ។

បន្ទាប់ពីឈ្នះជើងឯក U.S. Amateur កីឡាករ Tiger Woods ការចុះហត្ថលេខាលើកិច្ចសន្យាដំបូងរយៈពេល៥ឆ្នាំជាមួយក្រុមហ៊ុន Nike ក្នុងឆ្នាំ ១៩៩៦ នៅពេលរូបគេ មានអាយុត្រឹម២០ឆ្នាំ ដោយទទួលបាន ៤០លានដុល្លារ ដែលជាកិច្ចព្រមព្រៀងរកប្រាក់កម្រៃច្រើនបំផុតមិនធ្លាប់មាន សម្រាប់អត្តពលិកអាជីពនៅពេលនោះ។

ក្រោយមក ភាគីទាំងពីរបានបន្តកិច្ចសន្យារយៈពេល៥ឆ្នាំបន្ថែមទៀតក្នុងតម្លៃ ១០០លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០១ ហើយកិច្ចសន្យាបន្ទាប់រវាងភាគីទាំងពីរ មានរយៈពេល៨ឆ្នាំក្នុងតម្លៃ១៦០លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៦។

ការចុះហត្ថលេខាលើកិច្ចសន្យាចុងក្រោយរបស់ Tiger Woods ជាមួយនឹងក្រុមហ៊ុន Nike កើតឡើងក្នុងឆ្នាំ ២០១៣ ដែលមានតម្លៃរហូតដល់ ២០០លានដុល្លារក្នុងរយៈពេល១០ឆ្នាំ។

សូមជម្រាបថា Tiger Woods បានក្លាយជាកីឡាករអាជីពនៅក្នុងឆ្នាំ ១៩៩៦ រយៈពេល២៧ឆ្នាំកន្លងមកនេះ Woods បានឈ្នះជើងឯកការប្រកួតព្រឹត្តិការណ៍ធំៗចំនួន ១៥សម័យការរួមមាន ពាន Masters Tournament ៥សម័យកាល ពាន PGA Championship ៤សម័យកាល ពាន U.S. Open ៣សម័យកាល ពាន The Open Championship ៣សម័យកាល ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង