វត្តមានខ្សែប្រយុទ្ធ Lionel Messi នៅ Inter Miami បានបង្ខំក្លិបគូប្រជែងនៃលីគកំពូលអាមេរិក ផ្លាស់ប្តូរទីតាំងកីឡដ្ឋានពីតូចទៅធំ ដោយការប្តូរទីតាំងនេះ ជាការទាញយកប្រយោជន៍ដល់ក្លិបរបស់ពួកគេរៀងខ្លួននៅពេលប៉ះ Inter Miami នៅរដូវកាលថ្មី។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ លេងបានត្រឹមតែ ១៤ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម Miami ដោយគេរកបាន ១១គ្រាប់ និងជួយដល់ក្រុមដែលមានលោក David Beckham ជាម្ចាស់មួយរូប ឈ្នះពាន League Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។
សម្រាប់រដូវកាលថ្មី វត្តមាន Messi នៅតែជាដើមចមក្នុងការទាក់ទាញចំណាប់អារម្មណ៍ ដោយការប្រកួតថ្ងៃបើកឆាកនៃលីគ MLS រដូវកាល ២០២៣-២៤ ទល់ក្រុម Sporting Kansas City ត្រូវបានផ្លាស់ប្តូរកីឡដ្ឋានប្រកួត។
ដំបូងការប្រកួតទល់នឹងក្រុម Miami ត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Children’s Mercy Park ដែលកីឡដ្ឋានផ្ទុកអ្នកទស្សនាបានត្រឹមតែ ១៨,០០០នាក់ប៉ុណ្ណោះ តែយ៉ាងណាក្លិប Sporting Kansas City សម្រេចចិត្តប្តូរទីតាំងទៅកាន់កីឡដ្ឋាន Arrowhead ជាទឹកដីរបស់ក្រុមបាល់ឱប Kansas City របស់លីគ NFL ស្ថិតក្រោមម្ចាស់តែមួយ ដែលផ្ទុកអ្នកទស្សនាបាន ៧៦,០០០នាក់។
ការប្តូរកីឡដ្ឋាន គឺផ្តល់ភាពងាយស្រួលសម្រាប់អ្នកគាំទ្រ ដែលចង់ទស្សនាការប្រកួត ដែលមានវត្តមានរបស់ Messi ខណៈវាជាផលប្រយោជន៍មួយសម្រាប់ក្រុម Kansas City ថែមទៀត។
លោក Jake Reid ប្រធានក្លិប Sporting Kansas City បានអះអាងថា៖ “ ការប្រកួតបានបង្កើតនូវចំនួនការចាប់អារម្មណ៍ មិនធ្លាប់មានពីមុនមក។ ព្រឹត្តិការណ៍ដ៏ធំក្នុងទីក្រុង Kansas នឹងធ្វើឱ្យការប្រកួតក្នុងកីឡដ្ឋាន Arrowhead មានភាពអស្ចារ្យទៅកាន់អ្នកគាំទ្រ។ ការប្រកួត ដែលមានវត្តមាន Messi ក្នុងក្របខណ្ឌ MLS ជារឿងពិសេស ខណៈដែលយើងបានត្រៀមខ្លួនសម្រាប់ធ្វើម្ចាស់ផ្ទះ Copa America និង FIFA World Cup ឆ្នាំ ២០២៦។”
សូមបញ្ជាក់ថា ចាប់តាំងពីទៅដល់ Inter Miam កាលពីឆ្នាំ ២០២២ មក Lionel Messi បានជះឥទ្ធិពល យ៉ាងខ្លាំងទៅលើក្របខណ្ឌ Major League Soccer ។ តម្លៃលក់សំបុត្រការប្រកួតដែលមានវត្តមាន Messi មានការកើនឡើងទាំងចំនួននិងតម្លៃ ព្រោះមានមនុស្សជាច្រើនចង់ឃើញការលេងរបស់កីឡាករវ័យ ៣៦ឆ្នាំ ខណៈការលក់សម្ភារកីឡាដូចជាអាវ ក៏បានកើនឡើងដែរ៕