ការប្រណាំងរថយន្តកម្មវិធី Dakar Rally 2024 បានបន្តឈានដល់ដំណាក់កាលទី៨ ហើយ ដែលការប្រកួតបានធ្វើឡើង ចាប់ពីតំបន់ Ad Dawadimi ទៅកាន់តំបន់ Ha’il ភាគពាយ័ព្យ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ជាក់ស្តែង ការជិះលើចម្ងាយផ្លូវប្រមាណ ៤៥៨គីឡូម៉ែត្រ រវាងតំបន់ទាំង២ ខាងដើម គឺកីឡាករ ស៊ុយអែត Mattias Ekström ជាអ្នកទទួលបានជ័យជម្នះដោយសមាជិកក្រុម Audi បានចាយពេលអស់ ៣ម៉ោង ១៧នាទី និង ១៥វិនាទី។ សម្រាប់ចំណាត់ថ្នាក់លេខ២ និង លេខ៣ បានទៅលើកីឡាករបារាំងដូចគ្នា គឺកីឡាករ Stéphane Peterhansel មកពីក្រុម Audi និងកីឡាករ Guerlain Chicherit មកពីក្រុម Toyota ។
នៅតារាងពេលវេលាសរុបការប្រណាំងរថយន្តនេះគឺកីឡាករ អេស្ប៉ាញ Carlos Sainz ជាអ្នកឈរកំពូលតារាង ដោយសមាជិកក្រុម Audi បានចាយពេលអស់ ៣៣ម៉ោង ២៩នាទី និង១០វិនាទី។
ងាកមកកាន់ការប្រណាំងម៉ូតូវិញគឺ កីឡាករអាហ្សង់ទីន Kevin Benavides មកពីក្រុម KTM ជាអ្នកទទួលបានជ័យជម្នះដោយប្រើពេលអស់ ៣ម៉ោង ៣៥នាទី និង ៣វិនាទី។ កីឡាករ Luciano Benavides ជនជាតិអាហ្សង់ទីនដូចគ្នា តែមកពីក្រុម Husqvarna ទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករបារាំង Adrien Van Beveren មកពីក្រុម Honda ជាអ្នកទទួលបានចំណាត់ថ្នាក់លេខ៣។
នៅតារាងពេលវេលាសរុបផ្នែកការប្រណាំងម៉ូតូគិតត្រឹមដំណាក់កាលទី៨នេះ គឺកីឡាករអាមេរិក Ricky Brabec មកពីក្រុម Honda ជាអ្នកទទួលបានជ័យជម្នះដោយប្រើពេលអស់ ៣៦ម៉ោង ១៦នាទី និង ៣១វិនាទី។
ដោយឡែក ខាងផ្នែកកីឡាករប្រណាំងម៉ូតូក្នុងព្រឹត្តិការណ៍ Dakar Rally 2024 នេះ មានរឿងសោកសៅបានកើតឡើង នោះគឺកីឡាករអេស្ប៉ាញ Carles Falcon កាន់ចង្កូតឱ្យក្រុម KTM បានទទួលមរណភាពហើយ បន្ទាប់ពីរូបគេបានជួបគ្រោះថ្នាក់អំឡុងការប្រកួតដំណាក់កាលទី២ ខណៈការសម្រាកព្យាបាលនាមន្ទីរពេទ្យកន្លងមកមិនអាចជួយសង្គ្រោះបាន។
សម្រាប់ការប្រកួតដំណាក់កាលទី៩នៃ កម្មវិធី Dakar Rally 2024 នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Ha’il ទៅតំបន់ Al-‘Ula ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដដែលមានចម្ងាយផ្លូវប្រមាណ ៤១៧ គីឡូម៉ែត្រ៕