សមាគមកីឡាបាល់ទាត់អង់គ្លេស FA បាននិយាយថា អ្នកស្រី Sarina Wiegman បានបន្តកិច្ចសន្យាជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស រហូតដល់ឆ្នាំ២០២៧។
អ្នកស្រី Sarina Wiegman ដែលបានចូលកាន់តំណែងក្នុងខែកញ្ញា ឆ្នាំ ២០២១ បានដឹកនាំក្រុមនារីអង់គ្លេស ឱ្យឈ្នះពានរង្វាន់ធំដំបូងរបស់ពួកគេគឺពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបនារី UEFA Women’s Euro ឆ្នាំ ២០២២ និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកនារី FIFA Women’s World Cup 2023 ដែលមានប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ជាសហម្ចាស់ផ្ទះ ប៉ុន្តែពួកនាបានបញ្ចប់ចំណាត់ថ្នាក់រងជើងឯក ដោយចាញ់ក្រុមនារីអេស្ប៉ាញនៅវគ្គផ្តាច់ព្រ័ត្រ ១-០។
កិច្ចសន្យាថ្មីនេះ នឹងធ្វើឱ្យស្ត្រីសញ្ជាតិហូឡង់វ័យ៥៤ ឆ្នាំនឹងដឹកនាំក្រុមក្នុងការការពារតំណែងជើងឯក UEFA Women’s Euro ឆ្នាំ២០២៥។
ក្នុងការបន្តកិច្ចសន្យាថ្មីនេះដែរ អ្នកស្រី Sarina Wiegman បាននិយាយថា៖ “នាងខ្ញុំសប្បាយចិត្តណាស់ដែលមានឱកាសដឹកនាំអង់គ្លេសរហូតដល់ឆ្នាំ ២០២៧ បន្ទាប់ការដឹកនាំបានលទ្ធផលល្អសឹងមិនគួរឱ្យជឿ។ ចាប់ពីពេលនេះ ពួកយើងនឹងសម្លឹងមើលទៅមុខ ព្រោះយើងកំពុងត្រៀមខ្លួនក្នុងការប្រកួតប្រជែងខ្លាំងនៅកម្រិតកំពូល។ យ៉ាងណា ខ្ញុំពេញចិត្តនឹងឱកាសនេះ ហើយមិនអាចរង់ចាំក្នុងការចាប់ផ្តើមវគ្គជម្រុះ EURO បន្ទាប់មកទៀតគឺ World Cup។”
សូមបញ្ជាក់ថា ក្រៅពីបានជួយក្រុមនារីអង់គ្លេស ទទួលបានលទ្ធផលគាប់ប្រសើរហើយ អ្នកស្រី Sarina Wiegman ក៏ទើបតែទទួលបានពានរង្វាន់ The Best FIFA Women’s Coach ឆ្នាំ២០២៣ ដែលជាការឈ្នះជាលើកទី៤នៅក្នុងអាជីព ដែលធ្វើឱ្យអ្នកស្រីក្លាយជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីដែលឈ្នះពានរង្វាន់នេះច្រើនជាងគេផងដែរ៕