ក្លិប Al-Hilal នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត បានចុះហត្ថលេខាលើខ្សែការពារ Renan Lodi ពីក្លិបបារាំង Marseille។ នេះបើតាមការប្រកាសពីក្លិបទាំងពីរកាលពីថ្ងៃពុធ។
កីឡាករប្រេស៊ីល វ័យ ២៥ ឆ្នាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៣ ឆ្នាំកន្លះ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់បារាំងបានរាយការណ៍ថា ក្លិប Al-Hilal បានចំណាយប្រាក់ចំនួន ២៣លានអឺរ៉ូ សម្រាប់ការផ្ទេរនេះ។
Renan Lodi ដែលធ្លាប់លេងនៅក្លិប Atletico Madrid និង Nottingham Forest បានបង្ហាញខ្លួន១៩ ប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល និងលេងឱ្យប្រេស៊ីល ក្នុងពានរង្វាន់ Copa America ឆ្នាំ ២០២១ ដែលពួកគេបានចាញ់គូប្រជែងអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ។
បច្ចុប្បន្ន Al-Hilal ឈរនៅលើកំពូលតារាង Saudi Pro League ដោយមាន ៥៣ ពិន្ទុ នាំមុខ ៧ ពិន្ទុលើក្រុម Al-Nassr របស់ Cristiano Ronaldo៕