ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ដែលរៀបចំនៅក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ បានទទួលផ្សាយពាណិជ្ជកម្មស្រាបៀរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអូឡាំពិក។
ក្រុមហ៊ុនផលិតស្រាបៀរ Anheuser-Busch InBev បានក្លាយជាអ្នកឧបត្ថម្ភស្រាបៀរលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ចំនួន៣លើកបន្តបន្ទាប់ ជាមួយនឹងយីហោស្រាដែលគ្មានជាតិអាល់កុល។
ការឧបត្ថម្ភផ្សាយពាណិជ្ជកម្មស្រាបៀររបស់ AB InBev ត្រូវបានប្រកាសថាជាស្រាបៀរឈ្មោះ Corona Cero ដែលគ្មានជាតិអាល់កុលនឹងបង្ហាញខ្លួនជាសាកលនៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីស។
ក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីនៅបែលសហ្ស៊ិកអះអាងជុំវិញការផ្សាយនេះថា៖ “ក្រុមហ៊ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC នឹងរៀបចំការចែកចាយ និងទទួលទានប្រកបដោយទំនួលខុសត្រូវទៅកាន់អ្នកគាំទ្រអូឡាំពិករាប់លាននៅជុំវិញពិភពលោក។”
មិនបានបង្ហាញពីទំហំតម្លៃនៃការឧបត្ថម្ភនោះទេ ប៉ុន្តែកិច្ចព្រមព្រៀងផ្សាយស្រាបៀរ Corona Cero នឹងគ្របដណ្តប់ការប្រកួតកីឡារដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ២០២៤ អូឡាំពិករដូវរងា ក្រុង Milan ឆ្នាំ ២០២៦ និងអូឡាំពិករដូវក្តៅឆ្នាំ ២០២៨ នៅ Los Angeles សហរដ្ឋអាមេរិក។
អូឡាំពិកមិនដែលមានការឧបត្ថម្ភស្រាបៀរជាសាកលនោះទេ ប៉ុន្តែលោក Michel Doukeris នាយកប្រតិបត្តិ AB InBev អះអាងថា ស្រាបៀរ និងកីឡាមានភាពល្អប្រសើរជាមួយគ្នា ដូច្នេះលោករីករាយក្នុងការក្លាយជាអ្នកឧបត្ថម្ភស្រាបៀរដំបូងគេនៅកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោក។
ការលក់ស្រាបៀរគ្មានជាតិអាល់កុលជាសាកល បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈអ្នកផឹកទទួលបានកម្រិតមធ្យមនៃជាតិស្រវឹង។ ការិយាល័យតាមដានការលក់គ្រឿងស្រវឹងសាកល IWSR Drinks Market Analysis បានវាយតម្លៃថា ការលក់ស្រាបៀរដែលមានជាតិស្រវឹងទាប ត្រូវបានគេរំពឹងថានឹងកើនឡើង ៣១ភាគរយ នៅឆ្នាំ ២០២៤នេះ ពោលគឺនៅក្នុងទីផ្សារធំៗចំនួន១០ ដែលរួមទាំងនៅអេស្ប៉ាញ អាល្លឺម៉ង់ និងអាមេរិក។
ដោយឡែក សម្រាប់ IOC វិញ ការយល់ព្រមជ្រើសរើសការផ្សព្វផ្សាយជាមួយ Corona នេះព្រោះដោយសារតែវាជាម៉ាកយីហោស្រាបៀរ ដែលគេស្គាល់ស្ទើរពេញសាកលទៅហើយ៕