Barcelona របូតពានរង្វាន់ Spanish Super Cup ក្រោយចាញ់ Real Madrid ៤-១ បានបង្កើតបញ្ហាមួយចំនួនក្នុងក្រុម។ កីឡាករក្រុមរហស្សនាមអ្នកមានបុណ្យ ប៉ះទង្គិចជាមួយគ្រូបង្វឹកលោក Xavi Hernandes អំឡុងពេលសម្រាកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។
កីឡាករមួយចំនួនបង្ហាញភាពមិនពេញចិត្តជាមួយនឹងគ្រូបង្វឹកលោក Xavi ខណៈពួកគេបានចោទសួរពីទម្រង់លេង និងការសម្រេចចិត្តរៀបចំគ្រោងការប្រកួត។ លើសពីនេះ ក្រុមកីឡាករត្រូវបានរាយការណ៍ថា ទទួលបានអារម្មណ៍ជួបផលលំបាកពីសំណាក់លោក Xavi ទោះជាបុរសសញ្ជាតិអេស្ប៉ាញ គិតថាក្រុមកីឡាករនៅតែគាំទ្រលើខ្លួន។
កីឡាករប្រមាណ ៦ ឬ ៧ នាក់ តែងតែចោទសួរបកត្រឡប់មកកាន់លោក Xavi ពេលដែលគាត់បានស្តីបន្ទោសទៅកាន់ពួកគេថាមិនព្រមចាប់យកទម្រង់លេងរបស់ក្រុម Barcelona ដែលបានផ្តល់ឱ្យពួកគេ។
បញ្ហាមិនមែនទើបតែកើតមាននៅទេ រឿងរ៉ាវចាប់តាំងពីការប្រកួតទល់នឹងក្រុម Almeria កាលពីខែធ្នូ ឆ្នាំ ២០២២ ហើយក្លិបយកឈ្នះទាំងលទ្ធផលលំបាក ៣-២។ លោក Xavi រិះគន់កីឡាករចំៗ ដែលធ្វើមិនបានល្អនៅពាក់កណ្តាលវគ្គទីមួយនៃការប្រកួត។
ទោះចាញ់ Real Madrid ៤-១ និងមានបញ្ហានៅក្នុងក្រុម លោក Xavi នៅតែទទួលបានការគាំទ្រពីសំណាក់ប្រធានផ្នែកកីឡារបស់ក្រុមលោក Deco និងប្រធានក្លិបលោក Joan Laporta និងនៅតែជឿជាក់លើគុណភាពរបស់អតីតកីឡាករអេស្ប៉ាញរូបនេះ។
កាលពីរដូវកាលមុន Barcelona មានទម្រង់លេងល្អខ្លាំងដោយឈ្នះជើងឯក La Liga និង Spanish Super Cup។
ពីដើមរដូវកាល Xavi Hernandes បានចុះកិច្ចសន្យាថ្មីបន្ថែមទៀតក្នុងការដឹកនាំក្រុមរហូតដល់ឆ្នាំ ២០២៥ ដែលជាមូលហេតុពិបាកសម្រាប់ក្លិបក្នុងការបណ្តេញអ្នកចាត់ការរូបនេះមុនពេលជិតផុតកិច្ចសន្យា ខណៈក្លិប Barcelona កំពុងបន្តជួបបញ្ហាហិរញ្ញវត្ថុ៕