សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានត្រៀមប្រាក់រង្វាន់សរុប ១៤,៨លានដុល្លារ ដើម្បីផ្តល់ជូនក្រុមចូលរួមទាំង២៤ក្រុមក្នុងព្រឹត្តិការណ៍ AFC Asian Cup ឆ្នាំ២០២៣ ដោយក្នុងនោះប្រាក់រង្វាន់ ៥លានដុល្លារនឹងធ្លាក់ទៅលើក្រុមម្ចាស់ជើងឯក។
ព្រឹត្តិការណ៍ពានរង្វាន់កីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ីឆ្នាំ២០២៣ ដែលលើកមកធ្វើនៅឆ្នាំ២០២៤ នៅប្រទេសកាតា ជំនួសប្រទេសចិន បានចាប់ផ្តើមតាំងពីថ្ងៃទី១២ ខែមករា និងបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ។
២៤ប្រទេស ដែលបានឆ្លងចូលទៅកាន់វគ្គចែកពូល Asian Cup ទាំង៦ ពី A ដល់ F ទទួលបានថ្លៃនឿយហត់២០ម៉ឺនដុល្លារក្នុងមួយក្រុមរួចស្រេច។ សរុបទាំង២៤ក្រុម AFC ចំណាយអស់ ៤,៨លានដុល្លារ។
ក្រុមម្ចាស់ជើងឯកពានរង្វាន់កីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី នឹងទទួលបានប្រាក់រង្វាន់៥លានដុល្លារ ខណៈលេខពីរ បាន៣លានដុល្លារ។ ពីរក្រុមដែលធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានក្នុងមួយក្រុម១លានដុល្លារ។ សរុប ១០លានដុល្លារ។
សរុបប្រាក់រង្វាន់ដែល AFC ត្រូវចំណាយក្នុងព្រឹត្តិការណ៍នេះ អស់ ១៤,៨លានដុល្លារ។ នេះមិនទាន់គិតលើការចំណាយផ្សេងៗ ទាំងការរៀបចំ បុគ្គលិក និងទីតាំងភូមិកីឡាជាដើមឡើយ។
Asian Cup ២០២៣ នៅកាតា ជាព្រឹត្តិការណ៍លើកទី១៨ហើយ ចាប់តាំងពីកកើតឡើងដំបូងនៅឆ្នាំ ១៩៥៦ នៅកូរ៉េខាងត្បូង។ ជប៉ុន ជាក្រុមជោគជ័យជាងសម្រាប់ពានរង្វាន់ដែលរៀបចំ៤ឆ្នាំម្តងនេះ ដោយគ្រងជើងឯក៤លើក ខណៈ អ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត ឈ្នះ៣លើកដូចគ្នា។ កូរ៉េខាងត្បូង ឈ្នះជើងឯកនៅ២លើកដំបូង ស្របពេលអ៊ីស្រាអែល រួមជាមួយកូវ៉ែត អ៊ីរ៉ាក់ និងកាតា គ្រងជើងឯក១លើកដូចគ្នា៕