កាលវិភាគការប្រកួតសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដែលធ្វើឡើងរួមគ្នានៅអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងត្រូវប្រកាសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ។
ក្រៅពីការប្រកាសកាលបរិច្ឆេទ FIFA ក៏នឹងប្រកាសអំពីកីឡដ្ឋានដែលនឹងត្រូវកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ ដោយកីឡាដ្ឋាន AT&T ក្នុងទីក្រុង Arlington រដ្ឋតិចសាស់ និងកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey ជាបេក្ខភាព២ ចុងក្រោយ។
កាលពីពេលថ្មីៗនេះ មានរបាយការណ៍ចុះផ្សាយថា កីឡដ្ឋានស្ថិតក្នុងទីក្រុង Arlington ឬ Dallas ត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រ តែប្រភពជិតស្និទ្ធនឹង FIFA បានបញ្ជាក់ថា កីឡដ្ឋានដែលនឹងត្រូវជ្រើសរើសចុងក្រោយ នៅមិនទាន់ត្រូវបានជូនដំណឹងនៅឡើយទេ។
ទោះយ៉ាងណា មានការជឿថា កីឡដ្ឋាន MetLife មានការចាប់អារម្មណ៍ខ្លាំង ហើយក៏ស្ថិតក្រោមការប្រកួតប្រជែងដើម្បីទទួលបានសិទ្ធិវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២៦។
បើតាមការប្រកាសរបស់ FIFA ឱ្យដឹងថា៖ “នៅថ្ងៃទី៤ ខែកុម្ភៈ នឹងផ្សាយដោយទូរទស្សន៍ FOX និង Telemundo នៅសហរដ្ឋអាមេរិក និងរួមបញ្ចូលការបែងចែកការប្រកួតនៅតាមទីក្រុងសម្រាប់ការប្រកួតចំនួន ១០៤ប្រកួត។”
World Cup 2026 ជាការប្រកួតមានកំណែរទម្រង់ថ្មីដោយក្រុមកើនឡើងពី៣២ ដល់ ៤៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ កីឡដ្ឋានចំនួន ១៦ នឹងរៀបចំការប្រកួតមានសហម្ចាស់ផ្ទះអាមេរិក, កាណដា និងម៉ិកស៊ិក៕