បន្ទាប់ពីរបូតតំណែងនៅក្លិប AS Roma លោក Jose Mourinho បានបដិសេធសំណើស្នើមកដំបូងគេពីក្លិប Al Shabab ក្នុងការចង់បានរូបលោកទៅដឹកនាំ។
បុរសជនជាតិព័រទុយហ្គាល់ វ័យ៦០ឆ្នាំ ទើបតែត្រូវបានក្លិប AS Roma បញ្ចប់តំណែងកាលពីសប្តាហ៍មុន ក្រោយការដឹកនាំទទួលលទ្ធផលមិនល្អ។
បន្ទាប់ពីនោះមក ក្លិប Al Shabab នៅក្របខណ្ឌ Saudi Pro League ត្រូវបានរាយការណ៍ថា បានទាក់ទងមកលោក Mourinho ដើម្បីពិភាក្សាលទ្ធភាពនាំយក រូបលោក ទៅដឹកនាំ ស្របពេលរបាយការណ៍បឋមកាលពីសប្ដាហ៍មុន បានលើកឡើងថា លោក Mourinho ចាប់អារម្មណ៍ ហើយអាចព្រមទៅដឹកនាំក្លិបអារ៉ាប៊ីសាអ៊ូឌីត។
ទោះជាយ៉ាងណា ដំណឹងចុងក្រោយ បានឱ្យដឹងថាលោក Mourinho បានសម្រេចចិត្តក្នុងការបដិសេធក្លិប Al Shabab ដ្បិតក្លិបនេះ មានតែ៤ពិន្ទុពីលើតំបន់កាត់ចោល ដែលលោកយល់ថា ជាការសាកល្បងដ៏លំបាកបំផុតមួយ។ ដូច្នេះលោកកំពុងរង់ចាំឱកាសក្នុងការដឹកនាំក្លិបធំៗផ្សេងទៀតនៅតំបន់អឺរ៉ុបវិញ។
មានការលើកឡើងមួយចំនួនបានបង្ហាញថាលោក Jose Mourinho អាចនឹងទៅដឹកនាំក្លិបអ៊ីតាលី Napoli នាពេលខាងមុខ ខណៈក្លិបដែលកំពុងប្រកួតប្រជែងការពារតំណែងជើងឯកក្របខណ្ឌ Serie A មួយនេះ បានបង្ហាញការចាប់អារម្មណ៍លើរូបលោកផងដែរ៕