×

ខ្សែការពារ Eder Militao បន្តកុងត្រាថ្មីជាមួយ Real Madrid ដល់ឆ្នាំ២០២៨

ក្លិប Real Madrid បានធ្វើការប្រកាសថា ខ្សែការពារ Eder Militao បានបន្តកុងត្រាថ្មីជាមួយពួកគេ ដែលនឹងធ្វើឱ្យកីឡាករប្រេស៊ីលលេងនាទឹកដី Santiago Bernabéu រហូតដល់ចុងខែមិថុនា ឆ្នាំ ២០២៨។

កុងត្រាចាស់របស់កីឡាករវ័យ ២៦ឆ្នាំ នឹងផុតកំណត់នៅក្នុងឆ្នាំ២០២៥ តែការបន្តកុងត្រាថ្មីនេះនឹងធ្វើឱ្យរូបគេ បង្កើនប្រាក់ឈ្នួលច្រើនជាងមុន រួមទាំងមានថ្លៃផ្តាច់កុងត្រា រហូតដល់ទៅ ១ពាន់លានអឺរ៉ូឯណោះ។

ចាប់តាំងពីផ្ទេរពីក្លិប Porto ក្នុងឆ្នាំ ២០១៩ មក Eder Militao បានក្លាយជាផ្នែកសំខាន់មួយរបស់ Real Madrid ដោយគេបង្ហាញខ្លួនចំនួន១៤៣ ប្រកួត ស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និង ជួយក្លិបអធិរាជសឈ្នះពានរង្វាន់ជាច្រើន រួមមាន La Liga ២ដង Copa del Rey ១ដង Supercopa de España ២ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដងផងដែរ។

ដោយឡែក បច្ចុប្បន្ន Eder Militao កំពុងសម្រាកព្យាបាលរបួសសរសៃពួរ ACL ត្រង់ជង្គង់ខាងឆ្វេង បន្ទាប់ពីរូបគេរងរបួសនេះ អំឡុងការប្រកួតបើកឆាកក្របខណ្ឌ La Liga ដែល Real Madrid ឈ្នះ Athletic Bilbao ២-០ កាលពីខែសីហា។ រូបគេមិនត្រូវបានគេរំពឹងថា នឹងអាចវិលត្រលប់មកទីលានវិញរហូតដល់ខែមីនា ឬខែមេសាឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង