×

ក្លិប Al Nassr ពន្យាពេលការប្រកួតមិត្តភាពនៅចិនក្រោយ Ronaldo រងរបួស

ក្លិប Al Nassr បានប្រកាសពីការពន្យារពេលការប្រកួតទេសចរណ៍មិត្តភាពចំនួន២ របស់ពួកគេដែលបានគ្រោងទុកថានឹងត្រូវដំណើរការនៅក្នុងប្រទេសចិន ដោយសារតែខ្សែប្រយុទ្ធ Cristiano Ronaldo បានរងរបួស។

តារាបាល់ទាត់ឆ្នើមសញ្ជាតិព័រទុយហ្គាល់ បានជួបប្រទះបញ្ហារបួសសាច់ដុំ ហើយត្រូវបានដកឈ្មោះចេញពីការប្រកួតមិត្តភាពទល់នឹង ក្លិបម្ចាស់ផ្ទះចិន Shanghai Shenhua ក៏ដូចជាជំនួបថ្ងៃអាទិត្យជាមួយក្លិប Zheijang ផងដែរ។

ទាក់ទិននឹងរឿងនេះ ក្លិប Al Nassr បាននិយាយថា ការប្រកួតនឹងត្រូវកំណត់ឡើងវិញដើម្បីប្រព្រឹត្តទៅឆាប់បំផុត។

ដោយឡែក អ្នកគាំទ្របានមានភាពមិនសប្បាយចិត្តចំពោះការពន្យារពេលនៃដំណើរការប្រកួតទេសចរណ៍នៅប្រទេសចិន បន្ទាប់ពីពួកគេបានមកប្រមូលផ្តុំគ្នានៅសណ្ឋាគារដែលកីឡាករ Al Nassr ស្នាក់នៅនាទីក្រុង Shenzhen ដើម្បីបានជួបជាមួយ Ronaldo ប៉ុន្តែកីឡាករបែរជាអវត្តមានទៅវិញ។ យ៉ាងណា បញ្ហានេះ Ronaldo បានចេញមុខសុំទោសចំពោះអ្នកគាំទ្រទាំងអស់ផងដែរ។

បញ្ហារបួសរបស់ Cristiano Ronaldo នេះដែរ បានបង្កជាភាពសង្ស័យពីលទ្ធភាពរបស់គេ ក្នុងជំនួបជាមួយក្លិបអាមេរិក Inter Miami ដែលមានគូប្រជែង Ronaldo គឺខ្សែប្រយុទ្ធ Lionel Messi ដែលនឹងត្រូវប៉ះគ្នានៅដើមខែកុម្ភៈខាងមុខ។

សូមបញ្ជាក់ថា ក្លិប Al Nassr នៅក្របខណ្ឌ Saudi Pro League គ្រោងនឹងធ្វើជាម្ចាស់ផ្ទះដើម្បីទទួលក្លិប Inter Miami នៅក្របខណ្ឌ Major League Soccer នៅក្នុងពានរង្វាន់ Riyadh Season Cup ដែលជាការប្រកួតរវាងកំពូលកីឡាករបាល់ទាត់ទាំង២ Ronaldo ទល់នឹង Lionel Messi ជួបគ្នាសាជាថ្មីលើទីលាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង