លោក Jalel Kadri បានចាកចេញពីតួនាទីជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ជម្រើសជាតិទុយនេស៊ី បន្ទាប់ពីក្រុមបានចាកចេញពីការប្រកួត Africa Cup of Nations យ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីបានបញ្ចប់ការប្រកួតនៅបាតតារាងពូល E ។
បុរសវ័យ៥២ឆ្នាំ ដែលបានដឹកនាំក្រុមទុយនេស៊ីនៅ FIFA World Cup 2022 ក្នុងប្រទេសកាតា ជាការប្រកួតដែលពួកគេបានយកឈ្នះបារាំងនោះ បានប្រកាសក្នុងបទសម្ភាស ក្រោយការប្រកួតស្មើ 0-0 ជាមួយអាហ្វ្រិកខាងត្បូង បញ្ជាក់ពីការធ្លាក់ចេញរបស់ទុយនេស៊ីពីពានរង្វាន់ Africa Cup of Nations ។
លោក Kadri បាននិយាយថា៖ “កិច្ចសន្យារបស់លោកនឹងផុតកំណត់ដោយស្វ័យប្រវត្តិ ពេលទុយនីស៊ីមិនអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Africa Cup of Nations ដែលជាតម្រូវការអប្បបរមា។”
លោក Jalel Kadri ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ទុយនីស៊ី នៅមុនពេលដែលពួកគេជួបនីហ្សេរីយ៉ានៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២១ បន្ទាប់ពីគ្រូបង្វឹកលោក Mondher Kebaier ឆ្លងជំងឺកូវីដ-១៩។
ក្រោយមកលោក Kadri បានចូលកាន់តំណែងជាអចិន្ត្រៃយ៍ បើទោះជាទុយនីស៊ីធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ Africa Cup of Nations ឆ្នាំ ២០២១ ក៏ដោយ ហើយលោកបានបន្តដឹកនាំទុយនេស៊ីនៅ FIFA World Cup ឆ្នាំ 2022 ជាកន្លែងដែលពួកគេបានបរាជ័យក្នុងការឆ្លងផុតវគ្គចែកពូល តែបានសាងស្នាដៃយ៉ាងភា្ញក់ផ្អើល គឺយកឈ្នះ ទៅលើក្រុមម្ចាស់ជើងឯកបារាំង ដែលកំពុងប្រកួតប្រជែងការពារតំណែងជើងឯកនាពេលនោះ។
ក្រោយចប់ FIFA World Cup 2022 លោក Jalel Kadri បានស្នើសុំលាលែងពីតំណែង ប៉ុន្តែសហព័ន្ធបាល់ទាត់ទុយនីស៊ីបានបដិសេធ ហើយជំនួសវិញបានបន្តកុងត្រារយៈពេល១២ខែទៀត។
លោក Kadri គឺជាគ្រូបង្វឹកទីប្រាំមួយ ដែលលាលែងពីតំណែងក្នុងក្រុមជម្រើសជាតិក្រោយព្រឹត្តិការណ៍ Africa Cup of Nations 2023 បន្ទាប់ពីលោក Chris Hughton គ្រូបង្វឹករបស់ហ្គាណា, លោក Djamel Belmadi គ្រូបង្វឹករបស់អាល់ហ្សេរី និង លោក Jean-Louis Gasset គ្រូបង្វឹកក្រុមម្ចាស់ផ្ទះកូឌីវ័រក៏ត្រូវបានលាលែងពីភារកិច្ចរបស់ពួកគេផងដែរ៕