×

កីឡាករអឺរ៉ុបល្បីៗ រំអុកចង់ចាកចេញពីក្លិបនៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតវិញ

លីគបាល់ទាត់កំពូលអារ៉ាប៊ីសាអ៊ូឌីត បានក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍ អំឡុងពេលទីផ្សារដោះដូររដូវក្តៅដើមរដូវកាល ២០២៣-២៤ ដោយការនាំយកកីឡាករខ្លាំងៗល្បីឈ្មោះពីតំបន់អឺរ៉ុប។ ប៉ុន្តែអំឡុងទីផ្សារដោះដូររដូវកាលដើមឆ្នាំ២០២៤ កីឡាករផ្ទេរពីអឺរ៉ុបទៅក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតទាំងអស់នោះ កំពុងជួបបញ្ហាហើយទាមទារចង់ចាកចេញ។

រឿងរ៉ាវបានកើតឡើងនៅក្នុងខែមករានេះ ដោយ Karim Benzema ដែលផ្ទេរមកពី Real Madrid ចង់វិលត្រឡប់ទៅកាន់តំបន់អឺរ៉ុបវិញ ខណៈអតីតខ្សែការពារ Man City, Aymeric Laporte ក៏ចង់ចាកចេញ ដូចទៅនឹង Jordan Henderson ដែលផ្លាស់ចេញពី Al Ittifaq ទៅកាន់ Ajax។

មូលហេតុដែលនាំឱ្យកីឡាករល្បីឈ្មោះពីតំបន់អឺរ៉ុបមួយចំនួនចង់ចាកចេញ ព្រោះតែកង្វះការគាំទ្រ កង្វះការប្រកួតប្រជែង បញ្ហាអាកាសធាតុ អសមត្ថភាពក្នុងទាក់ទាញកីឡាករកំពូលផ្សេងទៀតរបស់ប្រព័ន្ធលីគ និងការបរាជ័យក្នុងបង្ហាញសមត្ថភាពពិតប្រាកដ។

ទោះក្រុមនីមួយៗមានកីឡាករបាល់ទាត់ល្បីៗក្តី តែ Saudi Pro League នៅតែជួបបញ្ហាកង្វះការគាំទ្រច្រើន បើធៀបទៅនឹងលីគកំពូលអឺរ៉ុបទាំង ៥។ លីគកំពូលមួយនេះ ក៏កង្វះការប្រកួតប្រជែង ដោយក្រុមក្នុងស្រុក ដែលគ្មានកីឡាករបរទេស ហាក់មានកម្រិតខុសប្លែកគ្នាខ្លាំង ហើយមានតែក្រុមដែលស្ថិតក្នុងគម្រោងវិនិយោគ PIF របស់អារ៉ាប៊ីសាអ៊ូឌីតដូចជា Al Nassr, Al Hilal, Al Ittihad និង Al Ahli ដែលមានកម្រិតប្រកួតប្រជែងខ្ពស់។

ភាគច្រើនកីឡាករមកពីតំបន់អឹរ៉ុប ដែលធ្លាប់លេងនៅក្នុងសីតុណ្ហភាពត្រជាក់ ពិបាកសម្របខ្លួនខ្លាំងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានសីតុណ្ហភាពក្តៅខ្លាំង។ កត្តាអាកាសធាតុបណ្តាលឱ្យកីឡាករពិបាកក្នុងការបញ្ចេញអស់ពីសមត្ថភាព ១០០ភាគរយ ព្រោះតែអាចប្រឈមនឹងបញ្ហារបួស ដូចជារបួសសរសៃពួរ ឬក៏សរសៃ ACL ជាដើម។

Saudi Pro League មានប្រជាប្រិយរយៈពេលខ្លី ដើម្បីទាក់ទាញកីឡាករអឺរ៉ុប។ សម្រាប់បំណងនាំយកកីឡាករមានវ័យក្មេងបានក្លាយជាបញ្ហាថ្មីដោយកីឡាករបានបដិសេធសំណើតែម្តង។ ភាពទាក់ទាញអាចនឹងបន្តសម្រាប់តែកីឡាករមានវ័យចំណាស់ ឬក៏ធ្លាក់ទម្រង់លេងពិបាកប្រជែងក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង