ក្លិប Real Madrid ក្លាយជាក្លិបរកបានប្រាក់ចំណូលច្រើនជាងគេលើពិភពលោកនៅក្នុងរដូវកាល ២០២២-២៣ ប្រជែងឈ្នះលើ Manchester City និងជាក្រុមរកបានចំណូលខ្ពស់កាលពីរដូវកាល ២០២១-២២។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ដែលជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ ។
ភាគច្រើននៃប្រាក់ចំណូលរបស់ក្លិបកីឡាបាល់ទាត់នៅអឺរ៉ុប ពឹងផ្អែកទៅលើប្រាក់ចំណូលពាណិជ្ជកម្មដែលកាន់កាប់ជាលំហូរប្រាក់ចំណូលធំបំផុត។
រយៈពេល ៦ឆ្នាំហើយចាប់តាំងពីរដូវកាល ២០១៧-១៨ ដែល Real Madrid បានវិលត្រឡប់ទៅកាន់កាប់តំណែងជាក្លិបរកប្រាក់ចំណូលខ្ពស់ជាងគេបង្អស់ សរុប ៨៣១លានអឺរ៉ូនៅរដូវកាល ២០២២-២៣។ Man City ធ្លាក់ទៅឈរលេខ ២ វិញ ក្រោយរកបានចំណូល ៨២៦លានអឺរ៉ូ និង Paris Saint Germain រក្សាចំណាត់ថ្នាក់លេខ ៣ ៨០២លានអឺរ៉ូ។ Barcelona ឡើងចំណាត់ថ្នាក់ពីលេខ៧ ដល់លេខ ៤ ជាមួយចំណូល ៨០០លានអឺរ៉ូ ខណៈ Man United រក្សាចំណាត់ថ្នាក់លេខ៥ រយៈពេល ២ឆ្នាំ ជាប់គ្នា រកចំណូលបាន ៧៤៦លានអឺរ៉ូ។
ទោះ Man City របូតតំណែងជាក្លិបរកចំណូលខ្ពស់បំផុត ក្រោយគ្រងតំណែងនេះលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីរដូវកាល ២០២១-២២ តែរបាយការណ៍របស់ក្លិបបានប្រកាសថារដូវកាលមុនពួកគេនៅតែកើនប្រាក់ចំណូលច្រើនបំផុត តាមរយៈការឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។
Liverpool ដែលមានចំណាត់ថ្នាក់លេខ ៣ រដូវកាល ២០២១-២២ បានធ្លាក់ចំណាត់ថ្នាក់មកកាន់លេខ ៧ វិញ ដូចដែលខ្លួនបានជាប់អំឡុងរដូវកាល ២០២០-២១ ហើយពួកគេក៏ជាក្លិបក្នុងចំណោមក្លិប ៣ ផ្សេងទៀតបានបដិសេធប្រកាសប្រាក់ចំណូលរបស់ខ្លួន។
Atletico Madrid និង West Ham ទាំង ២ នេះសុទ្ធសឹងតែជាក្លិបមានប្រាក់ចំណូលធ្លាក់ចុះ ហើយក្លិបនៅ Premier League ចំនួន ៨ បានឡើងមកឈរនៅក្នុងតារាងចំណាត់ថ្នាក់ក្រុមរកបានប្រាក់ចំណូលខ្ពស់ទាំង ២០។
ក្នុងចំណោមក្រុមទាំង ២០ ខុសកាលពី ១១ឆ្នាំមុន លេចវត្តមានក្លិបថ្មីចំនួន៣ រួមមាន Eintracht Frankfurt, SSC Napoli និង Olympique Marseille ឈរក្នុងតារាង ចំណែក Leicester City, Leeds United និង Everton បានធ្លាក់ចេញទៅហើយ៕