ក្លិបបាល់ទាត់អាល្លឺម៉ង់ Bayern Munich បានចុះកុងត្រានាំយកខ្សែការពារ Sacha Boey ពីក្លិបតួកគី Galatasaray រហូតដល់ឆ្នាំ២០២៨។ នេះបើតាមការប្រកាសពីក្លិបទាំង២កាលពីពេលថ្មីៗនេះ។
កីឡាករបារាំង វ័យ២៣ឆ្នាំ បានចូលរួមជាមួយ Galatasaray ដោយផ្ទេរពីក្លិបបារាំង Stade Rennais លើកិច្ចសន្យារយៈពេល៤ឆ្នាំ កាលពីឆ្នាំ២០២១។ ចំពោះតម្លៃនៃកិច្ចកុងត្រាមិនត្រូវបានបង្ហាញជាលម្អិតនោះទេ ប៉ុន្តែសារព័ត៌មាននៅអាល្លឺម៉ង់បានរាយការណ៍ថា វាអាចមានតម្លៃប្រមាណ ៣០លានអឺរ៉ូ។
Bayern Munich កំពុងជួបប្រទះបញ្ហា ដោយកីឡាករខ្សែការពារសំខាន់ៗជាច្រើនបានរងរបួសដូចជា Dayot Upamecano និង Konrad Laimer ជាដើម ដែលធ្វើឱ្យពួកគេត្រូវស្ថិតនៅក្រៅទីលាន ជាច្រើនសប្តាហ៍។
កីឡាករផ្សេងទៀតក៏កំពុងអវត្តមានដែរ ដូចជា Joshua Kimmich និង Bouna Sarr មានរបួស ខណៈ ខ្សែការពារ Kim Min-jae និង Noussair Mazraoui ត្រូវជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិរៀងៗខ្លួន។
សូមបញ្ជាក់ថា Bayern Munich បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២ នៅក្នុងក្របខណ្ឌ Bundesliga ដោយមាន ៤៧ពិន្ទុ ពីក្រោមក្រុមកំពូលតារាង Bayer Leverkusen ចំនួន២ពិន្ទុ៕