×

Paris Saint-Germain ចាប់អារម្មណ៍ Rafael Leao ដើម្បីមកបំពេញកន្លែងរបស់ Kylian Mbappe

ក្លិបអ៊ីតាលី AC Milan និងក្លិបបារាំង Paris Saint-Germain នឹងមានការជជែកពិភាក្សាគ្នានៅពេលដ៏ខ្លីខាងមុខ ជុំវិញអនាគតអាចចាកចេញរបស់ ខ្សែប្រយុទ្ធ Rafael Leao មកកាន់ទឹកដី Parc de Princes។

ក្លិប Paris Saint-Germain ពិតជាមានចិត្តចង់បាន កីឡាករព័រទុយហ្គាល់ មកចូលរួម ដើម្បីមកបំពេញកន្លែងរបស់ Kylian Mbappe ដែលអាចនឹងចាកចេញពីក្លិបនាពេលខាងមុខ។ យ៉ាងណាមិញ កីឡាករ Rafael Leao ហាក់មិនទាន់ឆ្លើយតបបែបណាទេ ដ្បិតអីរូបគេកំពុងរីករាយចិត្តជាមួយក្លិបមានមូលដ្ឋានក្នុងទីក្រុង Milan។

បើតាមរបាយការណ៍បានឱ្យដឹងថា ភាគីក្លិប Paris Saint-Germain ចង់បានការផ្ទេរ Rafael Leao ឱ្យមានល្បឿនលឿននិងចង់ឱ្យវាសម្រេចកើតឡើងយូរបំផុតត្រឹមរដូវក្តៅ ឆ្នាំ ២០២៤ នេះ។

សម្រាប់ការឆ្លើយតបពីក្លិប AC Milan ក៏មិនមានការឃាត់ឃាំងដែរ តែសុំឱ្យខាងក្លិប Paris Saint-Germain អនុវត្តតាមកិច្ចព្រមព្រៀងតម្លៃផ្តាច់កុងត្រាគឺ ១៧៥ លានអឺរ៉ូ ដែលត្រូវទូទាត់ពេញថ្លៃ ហើយ AC Milan ក៏មិនអាចប្រកែកក្នុងការផ្តល់ជូន Rafael Leao ទៅកាន់ទឹកដីប៉ារីស។

សូមបញ្ជាក់ថា Rafael Leao ជាប់កុងត្រាជាមួយ AC Milan ដល់ចុងខែមិថុនា ឆ្នាំ ២០២៨ ហើយស្ថិតិរបស់រូបគេនៅរដូវកាលនេះ គឺគេបានបង្ហាញខ្លួនសរុប ២៦ ប្រកួត ក៏អាចរកបាន ៦ គ្រាប់និង ចែកបាល់សម្រេចទីចំនួន ៦ លើកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង