×

អតីតប្រធានសហព័ន្ធបាល់ទាត់ចិនចូលសវនាការកាត់ទោសពីបទស៊ីសំណូក

អតីតប្រធានសហព័ន្ធបាល់ទាត់ចិន CFA លោក Chen Xuyuan បានចូលសវនាការកាត់ទោសពីបទស៊ីសំណូកប្រាក់១១,៣លានដុល្លារ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស្របពេលប្រតិបត្តិការណ៍ប្រឆាំងអំពើពុករលួយបានវាយលុកទៅកាន់កីឡាករសំខាន់ៗ ក្នុងវិស័យកីឡាបាល់ទាត់ចិន។

លោក Xuyuan ដែលធ្លាប់កាន់ការជាប្រធានស្ថាប័នកំពូលកីឡាចិន ត្រូវបានចោទប្រកាន់កាលពីខែកញ្ញា ឆ្នាំ២០២៣ ពីបទពុករលួយ បន្ទាប់ពីលោកបានសារភាពនៅក្នុងភាពយន្តឯកសាររបស់ទូរទស្សន៍ CCTV ថាបានទទួលយកប្រាក់សំណូកយ៉ាងច្រើនដើម្បីផ្តល់តួនាទីក្នុងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់។

កាលពីថ្ងៃទី១១ ខែមករា នៅក្នុងភាពយន្តឯកសារនោះ លោក Li Tie អតីតគ្រូបង្វឹកក្រុមជម្រើសជាតិចិន អះអាងថា ខ្លួនបានបានបង់ប្រាក់សំណូកដល់ លោក Xuyuan អំឡុងនៅកាន់តំណែងប្រធាន និងជាអនុលេខា CFA ចំនួន២លានយ័ន ឬ ជិត៣០ម៉ឺនដុល្លារ ដើម្បីទទួលបានតំណែងគ្រូជម្រើសជាតិ។ មិនត្រឹមតែទទួលសំណូកពីលោក Li Tie ឡើយ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងកីឡាចិន រួមនឹងនាយកប្រតិបត្តិ CFA ប្រមាណ ១០នាក់ ក៏ជាប់ក្នុងករណីពុករលួយនៅប៉ុន្មានឆ្នាំចុងក្រោយ ជាមួយលោក Xuyuan ផងដែរ ដែលមានទឹកប្រាក់ ១១,៣លានដុល្លារ។

លោក Xuyuan វ័យ៦៧ឆ្នាំ ដែលជាសមាជិកបក្សកុម្មុយនិស្តចិនផង បានសារភាពទទួលកំហុស និងសុំអភ័យទោសចំពោះអ្នកគាំទ្រជនជាតិចិន ជុំវិញការប្រព្រឹត្តរបស់ខ្លួនក្នុងវិស័យកីឡា។

តុលាការប្រជាជនក្នុងក្រុង Huangshi ខេត្ត Hubei ប្រទេសចិន បានបើកសវនាការជាសាធារណៈលើកដំបូងលើលោក Xuyuan ក្រោមបទចោទអំពើពុករលួយធ្ងន់ធ្ងរ ខណៈការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធដែលមានទាំងកីឡាករផង នឹងធ្វើឡើងបន្តបន្ទាប់ទៀត។

ដោយសាររឿងពុករលួយនេះ បានធ្វើឱ្យកីឡាបាល់ទាត់ចិន មានបញ្ហាទម្រង់លេងយ៉ាងខ្លាំង និងបរាជ័យជាបន្តបន្ទាប់ ដោយចុងក្រោយនេះ បានធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣ ត្រឹមវគ្គចែកពូល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង