ការប្រកួតវាយកូនបាល់កម្រិត ATP Tour 250 កម្មវិធី Open Sud de France 2024 បានបញ្ចប់រួចរាល់ហើយ ក្រោយពីបានដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុង Montpellier ប្រទេសបារាំង។
នៅក្នុងនោះ គេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករ កាហ្សាក់ស្ថាន Alexander Bublik បន្ទាប់ពីរូបគេបានយកឈ្នះទៅលើកីឡាករក្រូអាត Borna Ćorić នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ តាមរយៈលទ្ធផល 5-7 6-2 និង 6-3។
នេះគឺជាលើកទី២ហើយដែលកីឡាករ វ័យ២៦ឆ្នាំបានឈ្នះជើងឯកកម្មវិធី Open Sud de France បន្ទាប់ពីរូបគេធ្លាប់បានឈ្នះកាលពីឆ្នាំ ២០២២ រួចមក។
សម្រាប់ជ័យជំនះនេះដែរ បានធ្វើអោយ Alexander Bublik រំកិលឡើងមកកាន់ចំណាត់ថ្នាក់ជាកីឡាករវាយកូនបាល់លំដាប់លេង ២៣ពិភពលោក នៅពេលដែលតារាងចំណាត់ថ្នាក់នឹងធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា កម្មវិធី Open Sud de France 2024 គឺជាការដំណើរការលើកទី ៣៧នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយក្នុងនោះប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ៦២ម៉ឺនដុល្លារអាមេរិក៕