អ្នកគាំទ្រចិនជាច្រើនបានទាមទារថ្លៃសំបុត្រមកវិញ ក្រោយ Lionel Messi មិនបានចូលលេងការប្រកួតដែល Inter Miami ឈ្នះក្រុម Hong Kong League XI ដោយលទ្ធផល ៤-១ ខណៈគ្រូបង្វឹក លោក Gerardo Martino បាននិយាយថា ការមិនដាក់ Messi ក្នុងការប្រកួត មិត្តភាពនោះព្រោះមិនចង់ប្រថុយប្រថានលើរបួសរបស់គេ។
ជាការពិត អ្នកគាំទ្រយ៉ាងច្រើនកុះករនាកីឡដ្ឋាន Hong Kong នាទីក្រុងហុងកុង បានជួបភាពខកចិត្តដោយពួកគេចង់ទស្សនាការប្រកួតរបស់ Messi ដោយផ្ទាល់ តែម្ចាស់កំណត់ត្រា Ballon d’Or៨ដង មិនបានចូលរួមការប្រកួតទេ ដោយត្រូវបានដាក់អង្គុយកៅអីបម្រុងប៉ុណ្ណោះ។
កីឡាករអាហ្សង់ទីន ត្រូវបានគេរាយការណ៍ថា មានបញ្ហារបួសសាច់ដុំក្រោយចូលលេងក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល២ប្រកួតមុនគឺការប្រកួតចាញ់ ក្រុម Al Nassr ៦-០ និងចាញ់ក្រុម Al Hilal ៤-៣ នៅលើទឹកដីអារ៉ាប៊ីសាឌូអីត។ ក្រៅពី Messi ហើយ អតីតមិត្តរួមក្រុម Barcelona ដែលប្តូរមកចូលរួមជាមួយ Messi នៅ Inter Miami គឺ Luis Suarez ក៏មិនត្រូវបានដាក់អោយចូលលេង និងត្រូវអង្គុយកៅអីបម្រុង ដូចគ្នា ដោយសាររូបគេមានបញ្ហារបួសជង្គង់។
អវត្តមានកីឡាករទាំង២រូប បានធ្វើអោយអ្នកគាំទ្រមានការខកចិត្ត និង ខឹងសម្បារយ៉ាងខ្លាំង ហើយពួកគេបានទាមទារអោយមានការសងប្រាក់ថ្លៃសំបុត្រចូលទស្សនាការប្រកួតទៀតផង ដោយលើកហេតុផលថា គ្រូបង្វឹក Inter Miami លោក Gerardo Martino ដែលនិយាយថា នឹងព្យាយាមដាក់ Messi ដែលមកលេងការប្រកួតនៅក្នុងទឹកដីចិនជាលើកដំបូងក្នុងរយៈពេលជិត ១ទសវត្សនោះ អោយចូលលេងលើទីលានមិនអោយអ្នកគាំទ្រខកចិត្តនោះ ប៉ុន្តែលោកបែរជាមិនអាចធ្វើតាមការសន្យាទៅវិញ។
ទោះយ៉ាងណា លោក Gerardo Martino បានឆ្លើយតបថា ការមិនដាក់ Messi អោយចូលលេងគឺ លោកមិនចង់ប្រថុយប្រថានចំពោះរបួសរបស់គេ។
គ្រូបង្វឹកវ័យ៦១ឆ្នាំ បានអោយដឹងដូច្នេះថា៖ “ខ្ញុំមានការសោកស្តាយ ហើយខ្ញុំពិតជាចង់អោយ Messi បានលេងការប្រកួត ដើម្បីអោយអ្នកគាំទ្រពេញចិត្ត។ ប៉ុន្តែការសម្រេចចិត្តបានធ្វើឡើង ក្រោយក្រុមគ្រូពេទ្យចាត់ទុកថាវាជាហានិភ័យនៃការធ្វើអោយរបួសកាន់តែធ្ងន់ធ្ងរជាពិសេស ការចាប់ផ្តើមនៃក្របខណ្ឌ Major League Soccer រដូវកាលថ្មីកាន់តែខិតជិតមកដល់។”
Inter Miami នៅសល់ការប្រកួតមិត្តភាព ២ប្រកួតទៀតទល់នឹងក្រុមម្ចាស់ផ្ទះជប៉ុន Vissel Kobe នៅថ្ងៃទី៧ ខែកុម្ភៈ និងទល់នឹងក្រុមអាហ្សង់ទីន Newell’s Old Boys នៅទឹកដីអាមេរិក ថ្ងៃទី១៥ ខែកុម្ភៈខាងមុខ។
សម្រាប់ការប្រកួតក្របខណ្ឌ Major League Soccer រដូវកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែកុម្ភៈ ដោយ Inter Miami នឹងត្រូវបើកឆាកស្វាគមន៍ក្រុម Real Salt Lake ៕