រឿងដ៏ភ្ញាក់ផ្អើលបន្ទាប់ពីម្ចាស់ជើងឯកពិភពលោកការប្រណាំងរថយន្ត F1 ៧សម័យ Lewis Hamilton បានប្រកាសជាផ្លូវការ ដោយសម្រេចចិត្តចាកចេញពីក្រុម Mercedes ដែលខ្លួនបានរួមរស់អស់១១ឆ្នាំ នៅបញ្ចប់រដូវកាលនេះ ដើម្បីទៅចូលរួមជាមួយក្រុមគូប្រជែង Ferrari ។
កីឡាករអង់គ្លេសវ័យ៣៩ឆ្នាំ បានផ្តាច់កុងត្រាជាមួយ Mercedes ដែលមានសុពលភាព១ឆ្នាំទៀត ហើយសម្រេចចុះកុងត្រារយៈពេលច្រើនឆ្នាំជាមួយ Ferrari ចាប់ពីរដូវកាល ២០២៥ ដោយជំនួសកីឡាករអេស្ប៉ាញ Carlos Sainz ដែលនឹងចាកចេញនៅបញ្ចប់រដូវកាលនេះ។
Lewis Hamilton បានបញ្ជាក់អំពីការចាកចេញពីក្រុម Mercedes គឺដើម្បីបំពេញក្តីសុបិនកាលពីកុមារភាពរបស់ខ្លួនដោយចូលរួមជាមួយនឹងក្រុម Ferrari ។ របាយការណ៍ជាច្រើនបានអោយដឹងថា Hamilton នឹងរកបាន១៥៣លានដុល្លារក្នុង១ឆ្នាំ ក្នុងកុងត្រាថ្មីជាមួយ Ferrari បូករួម ការឧបត្ថម្ភ សិទ្ធិរូបភាព និងប្រាក់រង្វាន់។
ចំនួននេះកើនឡើង៦៩លានដុល្លារពីកិច្ចសន្យាបច្ចុប្បន្នរយៈពេល២ឆ្នាំរបស់ Hamilton ជាមួយ Mercedes ដែលរកបាន ៨៤លានដុល្លារក្នុង១ឆ្នាំ។
ដោយឡែក រឿងពិសេសមួយទៀតនោះគឺតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី Ferrari បានកើនឡើងខ្ពស់ដល់ទៅ ៦ភាគរយ ដែលមានតម្លៃកើនឡើង ៦.១២ពាន់លានដុល្លារ បន្ទាប់ពីព័ត៌មានរបស់ Hamilton ហើយតម្លៃនេះត្រូវបានជឿថានឹងបន្តឡើងបន្ថែមទៀត ។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Ferrari បានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៥៨៨លាន ដុល្លារនៅផ្សារហ៊ុនញូវយ៉កកាលពីថ្ងៃទី២ ខែកុម្ភៈ កន្លងទៅ ហើយតម្លៃទីផ្សាររបស់ក្រុមហ៊ុនបានកើនឡើងដល់ប្រហែល ១០៥ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា បច្ចុប្បន្ន Lewis Hamilton កំពុងឈរជាកីឡាករឈ្នះជើងឯកពិភពលោក F1 ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពោលគឺចំនួន ៧ សម័យកាលស្មើជាមួយនឹងអតីតកីឡាករអាល្លឺម៉ង់ Michael Schumacher៕