តុលាការអេស្ប៉ាញ បានច្រានចោលការស្នើសុំប្តឹងឧទ្ទរណ៍របស់អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល កីឡាករ Dani Alves ដែលថា រូបគេគួរតែត្រូវបានផ្តល់ពេលវេលាបន្ថែមទៀតដើម្បីរៀបចំសម្រាប់ការកាត់ទោសព្រហ្មទណ្ឌរបស់ខ្លួន ចំពោះការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅទីក្រុង Barcelona កាលពីឆ្នាំ ២០២២ ។
អតីតសមាជិកក្លិប Barcelona, Dani Alves ត្រូវបានចាប់ខ្លួនកាលពីខែមករាឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកគេត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារនៅខាងក្រៅទីក្រុង Barcelona ។
រដ្ឋអាជ្ញាអេស្ប៉ាញបានចោទប្រកាន់ Alves ពីបទបង្ខំនារីម្នាក់ឱ្យរួមភេទ ដោយមិនប្រើប្រាស់ស្រោមអនាម័យ ហើយកំពុងស្វែងរកការដាក់ពន្ធនាគាររូបគេរយៈពេល៩ឆ្នាំ និងអោយមានសំណងសងការខូចខាតដែលមានតម្លៃ ១៥ម៉ឺនអឺរ៉ូ ដល់នារីរងគ្រោះ។
ដំបូងឡើយ កីឡាករវ័យ៤០ឆ្នាំ បានបដិសេធ រាល់ការចោទប្រកាន់ តែក្រោយមក រូបគេបាននិយាយថា គេបានរួមភេទដោយមានការព្រមព្រៀងគ្នា ជាមួយនាងនៅក្នុងបន្ទប់ទឹក VIP នៃក្លិបរាត្រីមួយ ហើយថាការដែលរូបគេបានបដិសេធការចោទប្រកាន់កាលពីដំបូងគឺដើម្បីការពារកុំឱ្យភរិយារបស់គេគឺនាង Joana Sanz ធ្វើការប្តឹងលែងលះជាមួយគ្នា ប៉ុន្តែចុងក្រោយ នាងនៅតែសុំផ្តាច់ចំណងជាមួយកីឡាកររូបនេះដដែល។
ដោយឡែក សម្រាប់ការកាត់ក្តីរបស់ Dani Alves ត្រូវបានគេរំពឹងថានឹងបន្តដំណើរការរយៈពេលបីថ្ងៃជាមួយនឹងមនុស្សសរុបចំនួន៣០ នាក់នឹងត្រូវកោះហៅដើម្បីផ្តល់ភស្តុតាង ចំពោះរឿងរ៉ាវក្តីក្តាំងនេះ៕