បន្ទាប់ពីរង់ចាំអស់រយៈពេល ៣៨១ ថ្ងៃ នៅក្នុងការឃុំខ្លួនបណ្តោះអាសន្ន ពេលនេះតុលាការប្រទេសអេស្ប៉ាញ បានដំណើរការកាត់ទោសលើអតីតខ្សែការពារ Dani Alves ដោយចោទប្រកាន់ពីបទរំលោភផ្លូវភេទលើនារីម្នាក់ នៅក្នុងក្លិបរាត្រីមួយកន្លែង។
អតីតសមាជិកក្លិប Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល បានជាប់ពន្ធនាគារដោយមិនអាចធានានៅក្រៅឃុំអស់រយៈពេលជាង១ឆ្នាំមកហើយ ពោលគឺចាប់តាំងពីការចោទប្រកាន់បានកើតឡើង កាលពីខែធ្នូ ឆ្នាំ ២០២២។
Alves អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុសពិតប្រាកដមែន។ ដំបូងឡើយ កីឡាករវ័យ៤០ឆ្នាំ បានបដិសេធថា ខ្លួនមិនបានជួបដើមចោទនោះទេ តែក្រោយមករូបគេបាននិយាយថា ពួកគេបានរួមភេទដោយការយល់ព្រម។
តុលាការទីក្រុងបាសេឡូណា បានបដិសេធសំណើរបស់ Alves ក្នុងការផ្អាកការកាត់ក្តី ដូច្នេះរូបគេអាចទទួលបានពេលវេលាបន្ថែមទៀតដើម្បីរៀបចំខ្លួន។ សម្រាប់នារីរងគ្រោះ បានចោទប្រកាន់ថា Alves បានល្បួងនាងចូលក្នុងបន្ទប់ទឹកនៅក្នុងផ្នែក VIP នៃក្លិបរាត្រី នៅក្នុងទីក្រុងបាសេឡូណា ហើយបន្ទាប់មកបានបង្ខំនាងរួមភេទតែម្តង។
នៅក្នុងប្រទេសអេស្ប៉ាញ ការរំលោភផ្លូវភេទ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារចាប់ពី ៤ ទៅ ១៥ ឆ្នាំ។ រដ្ឋអាជ្ញាសាធារណៈក្នុងសំណុំរឿងនេះ កំពុងស្វែងរកការដាក់ពន្ធនាគាររយៈពេល៩ឆ្នាំសម្រាប់ Dani Alves ជាមួយនឹងសំណងលើការខូចខាតចំនួន ១៥០,០០០អឺរ៉ូ ដល់នារីរងគ្រោះ។
Dani Alves ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ដ៏ជោគជ័យម្នាក់នៅក្នុងប្រវត្តិសាស្ត្រ ដោយធ្លាប់លេងឱ្យក្លិបធំៗជាច្រើនដូចជា Barcelona, Juventus និង PSG ។ រូបគេបង្ហាញខ្លួនសរុប ១០៣០ប្រកួតទាំងក្លិបអាជីព និងក្រុមជម្រើសជាតិ និងគ្រាប់បញ្ចូលទី៧៥គ្រាប់ ព្រមទាំងឈ្នះពានរង្វាន់ជាច្រើនរួមទាំង UEFA Champions League, La Liga, Serie A, Ligue 1, Copa América ២ដង និង FIFA Confederations Cup ២ដងជាមួយក្រុមប្រេស៊ីល។
អាជីពចុងក្រោយរបស់ Alves ជាមួយក្លិប Pumas UNAM របស់ប្រទេសម៉ិកស៊ិក ដោយក្លិបមួយនេះ បានផ្តាច់កិច្ចសន្យាជាមួយរូបគេ កាលពីខែមករា ឆ្នាំ ២០២៣៕