ខ្សែប្រយុទ្ធ Lionel Messi បានអោយដឹងថា របួសជើងបានធូរស្រាលហើយ ប៉ុន្តែមិនអាចធានាថា នឹងអាចបង្ហាញវត្តមានក្នុងការប្រកួតមិត្តភាពអន្តរជាតិមុនបើករដូវកាលរបស់ Inter Miami ទល់នឹងក្រុមម្ចាស់ផ្ទះជប៉ុន Vissel Kobe ឬយ៉ាងណាទេ តែរូបគេនឹងសម្លឹងមើលលទ្ធភាពលេងនៅក្នុងការប្រកួតនោះ។
កាលពី២ថ្ងៃមុន អ្នកគាំទ្រដែលខឹងសម្បារក្នុងទីក្រុងហុងកុងបានស្រែកខ្លាំងៗដាក់ Messi និងសហម្ចាស់ក្លិប Inter Miami លោក David Beckham ឱ្យសងប្រាក់ពួកគេវិញ បន្ទាប់ពី Messi មិនបានចូលទីលានលេងប្រកួតមិត្តភាព ដែលសំបុត្រត្រូវបានលក់ដាច់គ្មានសល់។ យ៉ាងណា Messi បានថ្លែងថា រូបគេពិតជាខកចិត្តខ្លាំង ដែលមិនបានលេង ព្រោះតែបញ្ហាសាច់ដុំ។
កីឡាករអាហ្សង់ទីនបានឱ្យដឹងដូច្នេះថា៖ “នៅហុងកុងយើងបានបើកទ្វារសម្រាប់ការទស្សនាការហ្វឹកហាត់របស់យើង ហើយខ្ញុំបានចេញមកក្រៅដើម្បីបង្ហាញទៅកាន់អ្នកគាំទ្រ ដែលទន្ទឹងរង់ចាំ។ ខ្ញុំពិតជាចង់នៅទីនោះ ហើយលេងបង្ហាញទៅកាន់ពួកគេខ្លាំងណាស់។ យ៉ាងណា ខ្ញុំពិតជាមានអារម្មណ៍មិនល្អឡើយ នៅពេលដែលជួបបញ្ហាហើយបែបនេះ។”
Messi បានបន្តដូច្នេះថា៖ “ប៉ុន្តែពិតណាស់ ខ្ញុំដឹងថាមនុស្សគ្រប់គ្នាកំពុងសម្លឹងទៅមុខហើយក្នុងការទស្សនាការប្រកួតនោះ ហើយខ្ញុំក៏រំពឹងដែរ នឹងអាចទទួលបានឱកាសជាថ្មីសម្រាប់ខ្ញុំក្នុងការលេងនៅហុងកុង។ សម្រាប់ការប្រកួតនៅជប៉ុន ខ្ញុំមិនដឹងថាតើខ្ញុំអាចលេងបានឬអត់ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ប្រសើរជាងមុន ហើយខ្ញុំសម្លឹងមើលពីលទ្ធភាពដែលខ្ញុំអាចលេងបាន។”
សំបុត្រសម្រាប់ការប្រកួតរវាងក្រុមទាំងពីរ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិទីក្រុងតូក្យូ គឺមានតម្លៃចន្លោះពី១០,០០០យ៉េន ឬ ៦៨ដុល្លារ រហូតទៅ ២០ម៉ឺនយ៉េន ឬ ១,៣៤៦ដុល្លារ ជាមួយនឹងកញ្ចប់ពិសេសផ្សេងទៀត ដែលមានតម្លៃខ្ពស់ជាងនេះ។
កន្លងទៅ អ្នកគាំទ្រជិត៤ម៉ឺននាក់ នាទីក្រុងហុងកុងដែលបានចំណាយលុយទិញសំបុត្រចូលទស្សនា បានផ្ទុះការខឹងសម្បារ បន្ទាប់ពី Messi បានឈរនៅកៅអីបម្រុងអំឡុងពេលការប្រកួតដែល Inter Miami យកឈ្នះលទ្ធផល ៤-១ លើក្រុមជម្រើស All Stars របស់ហុងកុង។ ស្របពេលដែលរដ្ឋាភិបាលហុងកុង បានទាមទារការពន្យល់ពីអ្នករៀបចំការប្រកួតនេះ។
បន្ទាប់ពីការប្រកួតទល់នឹងក្រុម Vissel Kobe ក្រុម Inter Miami នឹងមានការប្រកួតមិត្តភាព១ទៀតនៅសហរដ្ឋអាមេរិកទល់នឹងក្រុម Newell’s Old Boys របស់អាហ្សង់ទីន នៅសប្តាហ៍ក្រោយ មុនពេលរដូវកាលថ្មីនៃលីគកំពូលសហរដ្ឋអាមេរិកចាប់ផ្តើមនៅថ្ងៃទី២១ ខែកុម្ភៈ ៕