×

ម្ចាស់កំណត់ត្រាពិភពលោកការរត់ម៉ារ៉ាតុនកីឡាករកេនយ៉ា Kelvin Kiptum បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍

ម្ចាស់កំណត់ត្រាពិភពលោកការរត់ម៉ារ៉ាតុនផ្នែកបុរសកីឡាករកេនយ៉ា Kelvin Kiptum បានបាត់បង់ជីវិតនៅក្នុងវ័យ ២៤ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកំណើតរបស់គេ។

Kelvin Kiptum បានទទួលមរណភាពជាមួយនឹងគ្រូបង្វឹករបស់គេគឺលោក Gervais Hakizimana ជនជាតិរវ៉ាន់ដា នៅក្នុងរថយន្តនៅលើផ្លូវមួយនៅភាគខាងលិចប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ។

Kelvin Kiptum បានបង្កើតកំណត់ត្រាពិភពលោកការរត់ម៉ារ៉ាតុន ដោយប្រើពេលត្រឹមតែ ២ម៉ោង ០នាទី និង ៣៥វិនាទី ក្នុងការប្រកួតកម្មវិធី Chicago Marathon នាទីក្រុង Chicago សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៣។ រូបគេគឺជាអត្តពលិកដំបូងគេបំផុតដែល បង្កើតកំណត់ត្រាការរត់ក្រោមថិរវេលា ២ម៉ោង ១នាទី ០វិនាទីបានសម្រេច។

Kelvin Kiptum ក៏ត្រូវបានប្រទេសកេនយ៉ាត្រៀមដាក់ឈ្មោះសម្រាប់ការត្រៀមទៅប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ។

ការទទួលមរណភាពរបស់ Kelvin Kiptum បានកា្លយជាការបាត់បង់ យ៉ាងធំមួយសម្រាប់វិស័យកីឡារបស់ប្រទេសកេនយ៉ា។

ដោយគោរពចំពោះ Kiptum រដ្ឋមន្ត្រីកីឡាកេនយ៉ា លោក Ababu Namwamba បានសរសេរនៅលើបណ្តាញសង្គមថា៖ “ប្រទេសកេនយ៉ា បានបាត់បង់អត្តពលិកដ៏អស្ចារ្យមួយរូប ហើយវាជាការ បាត់បង់ដ៏ធំសម្រាប់ពួកយើង។”

ចំពោះ គ្រោះថ្នាក់ចរាចរណ៍របស់ Kelvin Kiptum បានកើតឡើងនៅប្រហែលពាក់កណ្តាលយប់ថ្ងៃអាទិត្យ ហើយមន្ត្រីប៉ូលីស បានអះអាងថា Kiptum ជាអ្នកបើករថយន្ត ហើយរថយន្តបានបាត់បង់ការគ្រប់គ្រង និងបានក្រឡាប់បណ្តាលឱ្យអ្នកទាំង២រូបបាត់បង់ជីវិតនៅនឹងកន្លែង ខណៈអ្នករួមដំណើរមួយរូបទៀតជាស្ត្រីបានរងរបួសនឹងត្រូវបញ្ចូនទៅមន្ទីរពេទ្យ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង