កីឡាកររបស់ក្រុមបាល់ទាត់ជម្រើសជាតិកាតា បានបង្ហាញពីភាពរីករាយយ៉ាងខ្លាំង ដោយបានធ្វើការដង្ហែក្បួនពានរង្វាន់ AFC Asian Cup ក្រោយទទួលបានជោគជ័យ នៅក្នុងការការពារតំណែងជើងឯករបស់ខ្លួនបានសម្រេច។
ក្រុមកាតា បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ AFC Asian Cup 2023 ក្រោយពីបានយកឈ្នះក្រុមហ្ស៊កដានី នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣-១ ក្នុងការប្រកួតនាកីឡដ្ឋាន Lusail Stadium ស្ថិតក្នុងទីក្រុង Lusail។
គ្រាប់បាល់ទាំង៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ កើតឡើងដោយការទាត់បាល់ពិន័យ១១ម៉ែត្រទាំងអស់ដែលធ្វើបានដោយកីឡាករ Akram Afif តែម្នាក់ឯងនៅនាទី ២២ នាទី៧៣ និង នាទី៩០+៥ ខណៈ ក្រុមហ្ស៊កដានីរកបាន១គ្រាប់ដោយកីឡាករ Yazan Al-Naimat នៅនាទី៦៧។ ការស៊ុតបញ្ចូលទីបាល់ពិន័យ១១ម៉ែត្រទាំង៣គ្រាប់នេះដែរ ធ្វើឱ្យកីឡាករ Akram Afif ក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុងពានរង្វាន់ AFC Asian Cup 2023 គឺ៨គ្រាប់។
ជាមួយនឹងភាពរីករាយយ៉ាងខ្លាំងនេះ ក្រុមកីឡាករកាតា បានធ្វើការដង្ហែពានរង្វាន់ AFC Asian Cup 2023 អមដោយការចូលរួមពីអ្នកគាំទ្ររាប់ម៉ឺននាក់ នាទីក្រុង Lusail នោះ ប្រកបដោយភាពអធិកអធម្ម ដែលមានដូចជាការគ្រវីទង់ជាតិ ការច្រៀងចម្រៀងជាតិ អមដោយការបាញ់កាំជ្រួញអបអរផងដែរ។
នៅក្នុងនោះ អ្នកគាំទ្រម្នាក់ឈ្មោះ Mohammed Nasser Radwani បានបង្ហាញពីអារម្មណ៍រីករាយរបស់ខ្លួនថា៖ “បរិយាកាសអស្ចារ្យ ខ្ញុំមានអារម្មណ៍ល្អណាស់ នេះជាឱកាសមួយក្នុងឆាកជីវិត ហើយអរគុណព្រះជាម្ចាស់ ដែលយើងអាចទទួលបានពាន២ដងជាប់ៗគ្នា ហើយដូចដែលអ្នកបានឃើញ មហាវិថី អ្វីគ្រប់យ៉ាងគឺអស្ចារ្យ ហើយបរិយាកាសក៏ស្រស់ស្អាត។”
សូមបញ្ជាក់ថា នេះជាលើកទី២ជាប់គ្នាហើយ ដែលក្រុមបាល់ទាត់ជម្រើសជាតិកាតាបានគ្រងជើងឯកពានរង្វាន់ AFC Asian Cup បន្ទាប់ពីពួកគេធ្លាប់ឈ្នះជាលើកដំបូង កាលពីឆ្នាំ២០១៩រួចមក៕