×

សម្ដេចតេជោ ឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន១០ម៉ឺនដុល្លារ ក្រោយទទួលបានជ័យជម្នះ លើក្រុមកីឡាករកោះហ្គាំ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រនៃកម្ពុជា បានបង្ហោះសារឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ចំនួន ១០ម៉ឺនដុល្លារ ក្រោយទទួលបានជ័យជម្នះ ក្នុងលទ្ធផល ២-១ លើក្រុមកីឡាករកោះហ្គាំ របស់សហរដ្ឋអាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលានេះ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានបង្ហោះសារថា៖ “ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន និងសូមឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា ដែលឈ្នះលើការប្រកួតនេះចំនួន ១០០,០០០$ (ដប់ម៉ឺនដុល្លារអាមេរិក) ដើម្បីជាការលើកទឹកចិត្ត ហើយថវិការនេះសូមទទួលពីឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា”។

បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាផងដែរថា៖ “ខ្ញុំសូមកោតសរសើរចំពោះលោក Honda ដែលបានដឹកនាំក្រុមកីឡាករជម្រើសជាតិកម្ពុជាទទួលបានជោគជ័យនេះ”។

សូមបញ្ជាក់ថា កម្ពុជា បានយកឈ្នះកោះហ្គាំ សរុបលទ្ធផលទាំង ២ ជើង ៣-១ (ជើងទី១ ឈ្នះ ១-០ និងជើងទី២ ឈ្នះ ២-១) ដើម្បីទៅបង្គ្រប់កៅអី ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូណេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា ។ វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣៕

ប្រភព៖ AKP

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង