អ្នករៀបចំការប្រកួតជំនួបរវាងក្រុមម្ចាស់ផ្ទះហុងកុង Hong Kong League XI ទល់នឹងក្រុម Inter Miami នឹងសងប្រាក់ថ្លៃសំបុត្រ ៥០ភាគរយត្រឡប់ទៅកាន់អ្នកគាំទ្រវិញ បន្ទាប់ពីមានការខឹងសម្បារទៅលើកីឡាករ Lionel Messi ដែលមិនបានបង្ហាញខ្លួនលេងក្នុងការប្រកួតនោះ ក្រោមហេតុផលរបួស។
ជំនួប Inter Miami ឈ្នះលទ្ធផល ៤-១ លើក្រុម Hong Kong League XI រៀបចំឡើងដោយក្រុមហ៊ុន Tatler Asia កាលសប្តាហ៍មុន គ្មានវត្តមាន Lionel Messi នឹង Luis Suarez ចូលរួមឡើយ។
ការប្រកួតនោះតម្លៃសំបុត្រ ត្រូវបានអ្នកគាំទ្រប្រមាណជិត ៤ម៉ឺននាក់ ទិញក្នុងតម្លៃ ១សន្លឹក ជិត ៥០០០ដុល្លារហុងកុង ឬ ៦៤០ដុល្លារអាមេរិក។
បើតាមការប្រកួតរបស់ក្រុមហ៊ុន Tatler Asia សំបុត្រដែលបានទិញពីគេហទំព័រផ្លូវការ នឹងត្រូវទទួលបានប្រាក់សងត្រឡប់ទៅវិញ ៥០ភាគរយ នៃតម្លៃដែលអ្នកគាំទ្របានទិញ។
ការសងប្រាក់ត្រឡប់ ៥០ភាគរយនេះ អ្នករៀបចំការប្រកួត Tatler Asia បានជជែងជាមួយនឹងរដ្ឋបាលទីក្រុងហុងកុង ដើម្បីអនុម័តឱ្យមានការសងប្រាក់នេះ។
សូមបញ្ជាក់ថា ព្រោះតែបញ្ហារបួស ទើបធ្វើឱ្យ Messi មិនបានចូលរួមការប្រកួតទល់ហុងកុង បង្កឱ្យអ្នកគាំទ្រខកចិត្ត និងផ្ទុះកំហឹង។
យ៉ាងណាមិញ ការប្រកួតនៅប្រទេសជប៉ុន ២ថ្ងៃក្រោយមក ខ្សែប្រយុទ្ធអាហ្សង់ទីនបានចូលរួមលេងឱ្យ Inter Miami ដែលប្រកួតចាញ់ក្រុម Vissel Kobe ដោយគេបានប្តូរចូលនៅនាទី៦០ ខណៈអ្នកគាំទ្រជប៉ុនមានត្រឹមជិត ៣ម៉ឺននាក់ទៅទស្សនាប៉ុណ្ណោះ៕