×

ជំនួបមិត្តភាពអាហ្សង់ទីនលើទឹកដីចិន ត្រូវបានលុបចោល ក្រោយ Messi អវត្តមាននាជំនួបក្រុមហុងកុង

ជំនួបមិត្តភាពរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ចំនួន២ ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសចិន ត្រូវបានលុបចោល ក្រោយពីមានរឿងរ៉ាវជុំវិញខ្សែប្រយុទ្ធ Lionel Messi មិនបានចូលលេង នៅក្នុងការប្រកួតរវាងក្រុម Inter Miami និងក្រុមហុងកុង កាលពីសប្តាហ៍មុន។

សមាគមបាល់ទាត់ទីក្រុងប៉េកាំង បានប្រកាសថា ខ្លួននឹងមិនរៀបចំការប្រកួតមិត្តភាពរវាងក្រុមអាហ្សង់ទីន ទល់នឹងក្រុមកូតឌឺវ័រ ម្ចាស់ពាន Africa cup of Nations 2023 និងក្រុមនីហ្សេរីយ៉ា ជើងឯករង នៅក្នុងខែមីនា នោះឡើយ។

បញ្ហាដែលធ្វើឱ្យចិនលុបចោលការប្រកួតរបស់ម្ចាស់ពានរង្វាន់ពិភពលោកនេះ ព្រោះតែ Messi មិនបានបង្ហាញខ្លួនលេង នៅក្នុងការប្រកួតដែល Inter Miami យកឈ្នះលទ្ធផល ៤-១ លើក្រុមហុងកុង ។ Messi បានចូលលេងឱ្យក្រុម Inter Miami ក្រោមមូលហេតុរបួសសាច់ដុំ។

អ្នកគាំទ្រដែលទិញសំបុត្រចូលទស្សនាការប្រកួត ផ្ទុះកំហឹងក្រោយមិនបានឃើញ Messi ចូលលេង។ ពួកគេចំណាយថវិកា ៥,០០០ដុល្លារហុងកុងទិញថ្លៃសំបុត្រ ដោយសារចង់ឃើញវត្តមាន Messi តែបំណងរបស់ពួកគេ បានត្រឹមខកចិត្ត ហើយក៏នាំគ្នាទាមទារអោយសងថ្លៃសំបុត្រត្រឡប់មកវិញ។

អ្នករៀបចំការប្រកួតរបស់ហុងកុង Tatler Asia បានប្រកាសបង្វិលប្រាក់ថ្លៃសំបុត្រ ៥០ភាគ ត្រឡប់ទៅកាន់អ្នកគាំទ្រ ដែលបានទិញសំបុត្រតាមគេហទំព័រផ្លូវការ ក្រោយរងការរិះគន់ចំពោះការប្រកួតពីសំណាក់រដ្ឋបាលទីក្រុងហុងកុង។

ក្រោយពេល Inter Miami បញ្ចប់ការប្រកួតទល់នឹងក្រុមហុងកុងរួច ពួកគេបានធ្វើដំណើរទៅប្រកួតទល់នឹងក្រុម Vissel Kobe ក្នុងទីក្រុងតូក្យូ។ នៅក្នុងការប្រកួតនោះ ស្រាប់តែ Messi បានផ្លាស់ប្តូរចូលលេងនៅនាទី៦៨ ដែល បង្កើនកំហឹងដល់អ្នកគាំទ្រហុងកុងថែមទៀត។

សម្រាប់ការប្រកួតមិត្តភាពចុងក្រោយរបស់ Inter Miami គឺត្រូវប៉ះក្រុម Newell’s Old Boys នៅថ្ងៃទី១៧ ខែកុម្ភៈ ដែលជាអតីតក្លិបពីវ័យកុមាររបស់ Messi មុនការប្រកួតក្របខណ្ឌកំពូលអាមេរិក Major League Soccer រដូវកាលថ្មី ធ្វើឡើងនៅថ្ងៃទី ២១ ខែកុម្ភៈខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង