×

ទីក្រុងប៉េកាំង នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកពិភពលោកឆ្នាំ ២០២៩

សហព័ន្ធកីឡាហែលទឹកពិភពលោក World Aquatics បានប្រកាស ថាទីក្រុងប៉េកាំង ប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាហែលទឹកពិភពលោក World Aquatics Championships ឆ្នាំ ២០២៩។

ប្រធានសហព័ន្ធកីឡាហែលទឹកពិភពលោក World Aquatics លោក Husain Al Musallam បានបង្ហាញពីអ្នកទទួលបានជ័យជម្នះនៅក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត World Aquatics Championships 2029 នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Doha ប្រទេសកាតា ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួត World Aquatics Championships ឆ្នាំ២០២៤នេះ។

នេះជាលើកទី២ហើយ ដែលប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាហែលទឹកពិភពលោក បន្ទាប់ពីទីក្រុងសៀងហៃ បានរៀបចំព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០២១។

ទីលានហែលទឹកជាតិ របស់ទីក្រុងប៉េកាំង ដែលត្រូវបានគេស្គាល់រហស្សនាមថា Water Cube នឹងធ្វើជាទីតាំងប្រារព្ធព្រឹត្តិការណ៍នេះក្នុងឆ្នាំ ២០២៩ ក៏ដូចជាព្រឹត្តិការណ៍ World Aquatics Masters Championships នៅចុងឆ្នាំនោះផងដែរ។

Water Cube ក៏ជាទីកន្លែងដែលបានរៀបចំព្រឹត្តិការណ៍នានាក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិកឆ្នាំ ២០០៨ ក៏ដូចជាកីឡាអូឡាំពិករដូវរងា និងប៉ារ៉ាឡាំពិកឆ្នាំ ២០២២ដោយកាលណោះគេហៅវាថា ជាទីតាំងដុំទឹកកក Ice Cube ។

គិតមកទល់ពេលនេះ ប្រទេសចិន បានឈរនៅលើកំពូលតារាងមេដាយនៃការប្រកួតកីឡាហែលទឹកពិភពលោកឆ្នាំ ២០២៤ ជាមួយនឹងមាសចំនួន ១៧ បា្រក់៦ និងសំរឹទ្ធ២ សរុបចំនួន ២៥មេដាយ។

សម្រាប់ការប្រកួតកីឡាហែលទឹកពិភពលោក World Aquatics Championships ឆ្នាំ ២០២៤ ដែលកំពុងដំណើរការនាទីក្រុង Doha បានចាប់ផ្តើមការប្រកួតតាំងពីថ្ងៃទី២ ខែកុម្ភៈ និង បញ្ចប់ទៅវិញនៅថ្ងៃទី ១៨ ខែកុម្ភៈខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង